(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជាជីវៈបានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន ៣១២នាក់ និងបញ្ជីទារកសរុបចំនួន ៣១៦នាក់ និងបានផ្តល់ថវិកាសរុបចំនួន ១២៦.៤លានរៀល ពោលគិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី៤ ខែមករា នេះមានស្រ្តីដែលសម្រាលបានកូនភ្លោះ២ មានចំនួន ៤នាក់។
ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនីឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕