(ភ្នំពេញ)៖ បន្ទាប់ពីទស្សនិកជន បានជ្រាបជាមួយនឹងរឿងរ៉ាវប្រវត្តិពិត និងអាថ៌កំបាំងខ្លះៗ របស់សិល្បករ-សិល្បការិនី ជាច្រើនដួង តាមរយៈកម្មវីធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV,Fresh News Radio និង Khmertalking រួចមក ក្នុងសប្តាហ៍នេះ នឹងមានតារាកំប្លែងពីររូប ដែលមានខ្សែជីវិតប្លែកពីអ្នកសិល្បៈដទៃ នឹងមកបកស្រាយ ពីភាពលំបាកការតស៊ូក្នុងជីវិត ក្រោយឈានជើងចូលពិភពសិល្បៈ និងមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ។
ជាការពិតណាស់ តារាកំប្លែងទាំងពីរដួងនោះ គឺត្រូវបានទស្សនិកជន តាមរយៈឈ្មោះហៅក្រៅថា កញ្ញា ស៊ីៗ និង កញ្ញា ស្រីខួច អ្នកទាំងពីរធ្លាប់តែ ធ្វើឲ្យទស្សនិកជនជាច្រើនសើចសប្បាយរីករាយ តាមរយៈការសម្ដែងនានា ប៉ុន្ដែទស្សនិកជនមិនដឹងទេថា តើជីវិតពិតរបស់តារាទាំងពីរដួងនេះ មានភាពលំបាកយ៉ាងណា មុននឹងរសាត់ចូលមកក្នុងពិភពសិល្បៈ។
ក្នុងនោះ ស្រីខួច គឺជាតារាភេទទីបី ដ៏កម្សត់ម្នាក់ ដែលម្តាយបានធ្វើអត្តឃាត និងឪពុកដឹងតែផឹកស៊ីស្រវឹងរាល់ថ្ងៃ មិនជួយគិតពីជីវភាព គ្រួសារដោយបន្សល់កូនទុក ឲ្យកំព្រាម្តាយឆ្ងាយពីឪពុក ដែលកាលនោះ ស្រីខួច ទើបតែមានវ័យ១០ឆ្នាំ ក៏បណ្តែតខ្លួនមកភ្នំពេញទាំងមិនចេះអក្សរ ក៏ប្រកបរបបធ្វើសំណង់ និង លក់ម្ជូរពេលយប់តាមផ្លូវសាធារណៈ តាមហាងផឹកស៊ី ជាមួយសំឡេងច្រៀង និងនិយាយរឿងកំប្លែង ដែលជាទេពកោសល្យពីកំណើត ដើម្បីប្តូរនឹងការឲ្យភ្ញៀវជួយទិញម្ជូរ បានដាច់បន្ថែម ។
ដោយឡែកកញ្ញា ស៊ីៗ វិញ ដែលមានរាងខ្ពស់ស្រឡះ តែមានចរិតជាមនុស្សស្រី ក៏មានប្រវត្តិជីរិតប្លែកម្យ៉ាងដែរ ដោយកញ្ញា ជាអតីតនិស្សិត បរិញ្ញាប័ត្រ IT ប៉ុន្តែក្រោយពីមិនអាចរកការងារធ្វើតាមមុខជំនាញ និងមានចំណូលចិត្ត ខាងសិល្បៈ មានចរិតជាមនុស្សស្រីផង ក៏សម្រេចចិត្តតែងខ្លួនជាមនុស្សស្រីចូលសម្ដែងកំប្លែង រួមគ្នាជាភេទទីបី តាមក្លិបកំសាន្ត និងកម្មវិធី ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ។
យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាជីវិតសង្ខេបរបស់អ្នកទាំងពីរតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលំអិតយ៉ាងណានោះ អ្នកទាំងពីរនឹងចូលខ្លួនមកស្រាយបំភ្លឺ ពីការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ទាំងការងារផ្ទាល់ខ្លួន ការងារសិល្បៈ និងគ្រួសាររបស់ខ្លួន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV, Fresh News Radio និង Khmertalking នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់ដដែល៕