(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានរំលឹកជាថ្មីម្តងទៀតថា កាលនៅកុមារ សម្តេចគ្មានបំណងធ្វើជា នាយករដ្ឋមន្រ្តីនោះទេ។ សម្តេចប៉ងប្រាថ្នាធ្វើត្រឹមតែ គ្រូបង្រៀនម្នាក់ប៉ុណ្ណោះ ហើយមិននឹងស្មានថា កុមារជនបទនេះ បានក្លាយជា មេដឹកនាំប្រទេសមួយ ទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកបែបនេះ នៅក្នុងពិធីសម្ពោធ អគារព្យាបាលជំងឺថ្មី ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «វាសនាមនុស្សពិតជាមើលមិនឃើញទេ ខ្ញុំគ្មានមហិច្ចតាដើម្បីធ្វើជានាយករដ្ឋមន្រ្តី ឬក៏ធ្វើជា រដ្ឋមន្រ្តីទេ។ អ្វីដែលជាការចង់បានរបស់ខ្ញុំ នៅក្នុងតំណាក់កាលនោះ គឺចង់ធ្វើតែគ្រូបង្រៀន តែប៉ុណ្ណោះ គ្រូពេទ្យក៏មិនធ្វើដែរ ព្រោះបញ្ហាធំរបស់ខ្ញុំ គឺខ្លាចម្ចុល»។
សម្តេចតេជោ ហ៊ុន សែន បានកើតនៅឆ្នាំ១៩៥២ (ក្នុងប្រវត្តិរូបផ្លូវការឆ្នាំ១៩៥១) នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅស្រុកកំណត់ សម្តេចបានរៀនបញ្ចប់ថ្នាក់បឋមសិក្សា ហើយបានមកបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវី។ ក្រោយមកដើម្បីឆ្លើយតបទៅនឹង ការអំពាវនាវពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹងពួកចក្រពត្តិនិយមក្នុង អាយុ១៨ឆ្នាំ យុវជន ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូនេះ។
ក្នុងឆ្នាំ១៩៧៧ ដោយមិនពេញចិត្តទៅនឹងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាប់សម្លាប់ពលរដ្ឋខ្មែរនោះ សម្តេចបានចាកចោលគ្រួសារជាទីស្រលាញ់ម្តងទៀត ដើម្បីដឹកនាំចលនារំដោះប្រទេស និងប្រជាជនពីរបបដ៏សាហាវយង់ឃ្នងនេះ។ នៅឆ្នាំ១៩៧៨ សម្តេចបានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកិច្ចសហប្រតិបត្តការជាមួយចលនាស្នេហាមាតុភូមិជាច្រើនទៀត និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប្រជាធិប តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នេះបើតាមឯកសាររបស់ វីគីភីឌា។
វីដេអូឯកសារ ស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ដែលបង្ហាញអំពីដំណើរផ្សព្វព្រេងរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងយុទ្ធជន៤រូប ក្នុងការស្វែងរកកម្លាំងប្រឆាំងនឹងខ្មែរក្រហម ត្រូវបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា យ៉ាងព្រោងព្រាត កាលពីម្សិលមិញ៕