(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោក អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យទីតាំងកំពង់ផែអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលគ្រោងសាងសង់ និងកែលម្អឡើងវិញនៅពេលខាងមុខ ដើម្បីចូលរួមបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែខ្លាំងឡើង។
លោក ម៉ែន វិបុល បានថ្លែងថា ដោយមើលឃើញពីសារសំខាន់ នៃការដឹកជញ្ជូនតាមផ្លូវទឹក និងដើម្បីទាញនូវផលប្រយោជន៍ពីកំពង់ផែនេះ ឲ្យអស់សក្ដានុពលជាពិសេស ក្នុងគោលដៅ ជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឲ្យមានដំណើរការល្អ ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។
អភិបាលខេត្តស្វាយរៀង បានបន្ថែមទៀតថា ក្នុងនាមអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំគម្រោងធ្វើការអភិវឌ្ឍកំពង់ផែនេះ ឲ្យមានដំណើរការរស់រវើកឡើងវិញ ហើយដែលអាចនឹង ចាប់ផ្ដើមដំណើរការ នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះ អាស្រ័យដោយស្ថានភាពផ្ទៃទឹកទន្លេ កាន់តែរាក់ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្កការលំបាកយ៉ាងខ្លាំង សម្រាប់ការចេញចូលទូក ឬកាណូតធំៗ ជាហេតុធ្វើឲ្យការដឹកជញ្ជូនទំនិញ មានការថយចុះនាំឲ្យកំពង់ផែនេះ ពុំសូវមានសកម្មនោះឡើយ៕