(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រុមគ្រូពេទ្យនៅតាមគ្រឹះស្ថានសុខាភិបាលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺ ដើម្បីលុបបំបាត់ការស្ដីប្រមាថថា គ្រូពេទ្យមានអាកប្បកិរិយាមិនល្អ គ្មានជំនាញច្បាស់លាស់ គំរោះគំរើយជាដើម។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំណត់យកវិស័យសុខាភិបាលជាវិស័យអាទិភាពនោះ បានបញ្ជាក់ថា ភាពល្អប្រសើរក្នុងវិស័យសុខាភិបាល ត្រូវតែមានច្រើនលើសលុបជាងចំណុចខ្វះខាត ហើយចំណុចខ្វះខាតត្រូវមានការកែលម្អជាដរាប បើមានតែមន្ទីរពេទ្យល្អ មានតែឧបករណ៍ល្អ មានការបណ្ដុះបណ្ដាលល្អក៏ដោយ បើគ្រូពេទ្យខ្វះស្មារតីទទួលខុសត្រូវ ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក៏សេវាសុខាភិបាលនោះ គ្មានប្រសិទ្ធភាពពេញលេញដែរ។ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តលើកកម្ពស់នូវគុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ពិសេសការយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានការរើសអើងអ្វីទាំងអស់។
សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកខ្លះថា គ្រូពេទ្យយើង៩០ភាគរយ អាក្រក់ទាំងអស់ យើងមិនអាចទទួលយកការប្រមាថនេះបានទេ ប៉ុន្តែដើម្បីកុំឲ្យគេប្រមាថបាន អ្វីដែលយើងត្រូវប្រឹង នោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាការខិតខំរបស់យើងតែប៉ុណ្ណោះ ដើម្បីកុំឲ្យគេប្រមាថ ហើយខិតខំធ្វើឲ្យគេឃើញថា មិនមែន៩០ភាគរយអាក្រក់ ១០ភាគរយល្អទេ តែ៩៩ភាគរយល្អ និងមានតែ១ភាគរយប៉ុណ្ណោះ ដែលមានការខ្វះខាត។ ប្រសិនបើ ៩០ភាគរយ ដូចដែរគេថាមែន ប្រជាពលរដ្ឋកម្ពុជាស្លាប់អស់បាត់ទៅហើយ»។
ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវឲ្យមានការពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល ទោះថ្នាក់ណាក៏ដោយ ដើម្បីជៀសវាងការធ្វេសប្រហែសណាមួយ ព្រោះវិទ្យាសាស្ត្រវេជ្ជសាស្ត្រចេះតែមានការជឿនលឿនទៅមុខជានិច្ច ហើយមានមនុស្សច្រើនណាស់ដែលផ្ញើជីវិតលើក្រុមគ្រូពេទ្យ ដូច្នេះក្រុមគ្រូពេទ្យខ្លួនឯង មិនអាចព្រងើយកន្តើយជាមួយជីវិតអ្នកជំងឺ ឬសុខទុក្ខរបស់អ្នកជំងឺបានទេ ប្រសិនបើមានភាពល្អប្រសើរហើយ ត្រូវតែរក្សាភាពល្អនោះតទៅទៀត ប៉ុន្តែបើមិនទាន់ល្អទេ ត្រូវធ្វើឲ្យល្អជាដាច់ខាត។
មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញបំណងប្រាថ្នាចង់ឲ្យចៅរបស់សម្តេច ក្លាយជាគ្រូពេទ្យដ៏ពូកែម្នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ នៅពេលមានបុណ្យទានម្ដងៗ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយសារកន្លងមក គ្រោះថ្នាក់ចរាចរណ៍ច្រើនកើតមាននៅពេលមានពិធីបុណ្យនានា។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិធីការពាគ្រោះថ្នាក់ចរាចរណ៍ដែលមានប្រសិទ្ធភាពខ្ពស់បំផុតនោះ គឺការពារខ្លួនឯង ដូចជាការបើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។
ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចស្វាគមន៍ និងទទួលនូវរាល់ការតិះទៀនក្នុងន័យស្ថាបនា តែមិនអាចទទួលយកការតិះទៀនបែបជាន់ពន្លិច លើក្រុមគ្រូពេទ្យបាននោះឡើយ៕