(ស្ទឹងត្រែង)៖ បុរសល្មោភកាម បណ្តោយឲ្យកាមតណ្ហាគ្របដណ្តប់បាត់បង់អស់វិចារណញ្ញាណនោះ បានទៅចាប់រំលោភកូនបង្កើតខ្លួនឯង ដែលមានអាយុ១២ឆ្នាំ បានសម្រេច២ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ មន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះកើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ តែទើបបែកធ្លាយនៅពេលនេះ។
លោក ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តស្ទឹងត្រែង បានថ្លែងថា ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចបានកោះហៅបុរសជាឪពុកល្មោភកាម មកធ្វើការសួរនាំពីការចោទប្រកាន់ករណីរំលោភកូនស្រីបង្កើតខ្លួនឯង នាពេលកន្លងមក។ ជនសង្ស័យឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ដួង ស៊ីវុត្ថា បានប្តថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដង រួចមកហើយនោះ ក្មេងស្រីរងគ្រោះ ក៏បានប្រាប់ម្តាយនាងផងដែរ ក៏ប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចប្តីរបស់ខ្លួនវាយធ្វើបាប។ លុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យខាងលើ បានកើតមានឡើងនៅពេលក្មេងស្រីរងគ្រោះ បានទៅលេងផ្ទះអ៊ុបង្កើតរបស់នាង ដែលរស់នៅឯខេត្តកំពង់ចាម។ បន្ទាប់មក អ៊ុបង្កើតរបស់នាង ក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល នៅខេត្តកំពង់ចាម ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី។
លោក ដួង ស៊ីវុត្ថា បានបញ្ជាក់ថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដងរួចមកហើយនោះ អ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះភ្លាម លោក ដួង ស៊ីវត្ថា ក្រោមការបញ្ជាពីលោកស្នងការ បានបញ្ជាឲ្យកម្លាំងជំនាញ នាំខ្លួនជនសង្ស័យដើម្បីសួរនាំ។
បច្ចុប្បន្ននេះ ជនសង្ស័យល្មោភកាម កំពុងស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕