(កំពង់ធំ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹក ពិសាគុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាព សប្បុរសធម៌ បានប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅលើកទី២» ចែកភួយ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ព្រមទាំងថ្នាំសង្កូវ ជូនដល់ដូនចាស់ជរាគ្មានកូនចៅជាង២៥០នាក់ ស្ថិតនៅភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជា ភូមិដាច់ស្រយាលមួយ នៃខេត្តទាំងមូល។
កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅលើកទី២» បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណ វត្តអណ្តូងឥដ្ឋវិនយធរោ ជាយខេត្តកំពង់ធំ។ គោលបំណង ក្នុងកម្មវិធី គឺ ដើម្បីបំពេញនូវតម្រូវការ និងជួយដល់ចាស់ជរា គ្មានទីពឹង កំឡុងពេលរដូវធ្លាក់ ខ្យល់ ឈានចូលមកដល់។ កម្មវិធីនេះផងដែរ ក៏មានការចូលរួម ផ្តល់កិត្តយសដោយលោកស្រី ជឹង សុគន្ធាវី អគ្គនាយិការនៃក្រុមហ៊ុន វីតាល់ និង ប្អូនៗអ្នកស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារវីតាល់ ជាច្រើននាក់ផងដែរ។
បើតាមក្រុមការងារវីតាល់ បានទៅសិក្សា តំបន់ស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថា លោកតា លោកយាយចាស់ជរា មានជាង២៥០នាក់ បានមកទទួលយក អំណោយនៅថ្ងៃនេះ ភាគ ច្រើនរស់នៅខ្ទមកម្សត់ គ្មានកូនចៅនៅក្បែរ ដែលសព្វថ្ងៃរស់នៅពឹងពាក់ លើការដាក់ទានពីអ្នកជិតខាង។ ពួកគាត់មានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលអ្នកខ្លះមានទាំងជំងឺ ប្រចាំកាយ មិនអាចធ្វើដំណើរទៅណាមកណា ដោយខ្លួនឯងបានថែមទៀតផង។
ដោយសារតែមើលឃើញ ការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេល នឹងខែធ្លាក់ខ្យល់ នឹងឈានចូលមកដល់ មូលនិធិវីតាល់បានពាំនាំកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» ដែលនឹងពាំនាំ មកនូវអំណោយ ជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិការជូនពួកគាត់ ដែលរំពឹងថា អាចនឹងជួយសម្រួលដល់ជីវភាព លោកតា លោកយាយ មួយគ្រាកំឡុងពេលធ្លាក់ខ្យល់។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិការ នៃក្រុមហ៊ុន បានថ្លែងថា ពិតជាមានចិត្តរំភើប និងរីករាយជាខ្លាំង ដែលបានដឹកនាំក្រុមការងារវីតាល់ ឲ្យមានវត្តមាននៅទីនេះ ដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅលើលទី២» ដែលធ្លាប់បានធ្វើម្តងរួចទៅហើយ កាលពី២ខែមុន ហើយកម្មវិធីសប្បុរសធម៌នេះ គឺជាការចែកភួយ និងស្បៀង ដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ ជរា ដែលមានជីវភាព ក្រលំបាកជាង២៥០នាក់ ដែលកំពុងរស់នៅក្រលំបាកគ្មានទីពឹង នៅទូទាំងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។
លោកស្រី បន្តថា ការប្រារព្ធកម្មវិធីនេះឡើង គឺផ្អែកលើគោលបំណងធំៗ៤គឺ ១៖ មានបំណង ពង្រឹងវប្បធម៌ចែករំលែក, ២៖ បង្កើនផ្តល់ភាពកក់ក្តៅ ដល់ដូចចាស់ក្នុងពេលរដូវ រំហើយ ចូល មកដល់, ៣៖ ពាំនាំមូលនិធិវីតាល់ តំណាងដោយអតិថិជនវីតាល់ ក្នុងការធ្វើបុណ្យកុសល និង, ៤៖ បំពេញបន្ថែមនូវកង្វះខាតស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា។
ឈ្លៀតក្នុងឱកាសនេះ លោកស្រី ក៏ដូចជាបានថ្លែងអំណរគុណ ដល់ក្រុមយុវជន ស្ម័គ្រចិត្តជាង១០នាក់ ដែលបានចូលរួម ក្នុងការងារស្ម័គ្រចិត្តនៅថ្ងៃនេះ ដែលការចួលរួមនេះ គឺមានតម្លៃ មិនអាចកាត់ថ្លៃ ដែលបង្ហាញកាន់តែច្បាស់ ពីសាមគ្គីភាពរបស់យុវជន ក្នុងសង្គមខ្មែរយើង។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយ កម្មវិធីសប្បុរសធម៍ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។
វីតាល់ប្តេជ្ញាថា នឹងយកកញ្ចក់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើន បន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅ អតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និង អភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕