(កោះកុង)៖ ស្រ្តីកម្មការិនីម្នាក់នៅខេត្តកោះកុង សម្រាលកូនភ្លោះ តែជាអកុសលកូនទាំង២នាក់ ពុំបានឃើញពន្លឺថ្ងៃនោះឡើយ ពោលពួកគេបានទទួលមរណភាពតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ។ តែទោះជាយ៉ាងណា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បាននាំយកថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ប) ក្រសួងការងារ រួមជាមួយស្រ្តីសម្រាលកូនម្នាក់ទៀត ដែលជាកម្មការិនីរោងចក្រកាត់ដែរ។
ក្នុងនោះគ្រួសារកូនភ្លោះ ដែលបានមរណភាពនោះ ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល ខណៈគ្រួសារកូន១ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល។
លោកស្រី មិថុនា ភូថង បានថ្លែងថា ក្នុងនាមជាអាជ្ញាធរ ទោះបីមានការងារមមាញឹកយ៉ាងណា ក៏ឆ្លៀតពេលមកសួរសុខទុក្ខបងប្អូនដែរ ឲ្យតែបងប្អូនមានជួបបញ្ហាក្នុងគ្រួសារ តែអ្វីដែរលោកស្រី គួរឲ្យស្តាយបំផុតនោះគឺគ្រួសារ សុះ មារី ដែលសម្រាលកូនភ្លោះ២ ហើយបានបាត់បង់ជីវិត២នាក់វិញ។
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា គ្រួសារស្រ្តីទាំង២មានឈ្មោះទី១៖ ឈ្មោះ សុះមារី អាយុ២៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ កើតបានកូនភ្លោះ តែអកុលសទារកទាំង២ បានបាត់បង់ជីវិតទៅវិញទាំង២នាក់ និងទី២៖ ឈ្មោះ ផុន នីស្សា អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រាលបានកូន១។
លោក ទៅ ម៉ឹង បានបន្តថា ការសម្រាលកូនរបស់ស្រ្តីកម្មការិនីទាំង២គ្រួសារ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យខេត្ត ពុំបានតម្រូវឲ្យពួកគាត់បង់ថ្លៃសេវាឡើយ ហើយក្នុងគ្រួសារស្រ្តីទាំង២នាក់នេះ មានគ្រួសារ១ សម្រាលកូនភ្លោះ តែអកុសលកូនភ្លោះបានបាត់បង់ជីវិតទៅវិញ ហើយគ្រួសារ១ទៀតធម្មតា តែសម្រាប់គ្រួសារកម្មការិនីដែលកូនបានស្លាប់នោះ ក្រុមគ្រូពេទ្យ បាននិងកំពុងយកចិត្តទុកដាក់ជាប្រចាំ២៤ម៉ោង លើ២៤ម៉ោង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា មូលហេតុដែលទារកភ្លោះបាត់បង់ជីវិតនោះ គឺបានបាត់បងជីវិតតាំងនៅផ្ទៃម្តាយឯណោះ មិនមែនស្លាប់ក្នុងពេលកើតទេ តែអ្វីដែលសំខាន់គាត់បានមកដល់មន្ទីរ ហើយក្រុមគ្រូពេទ្យ បានជួយម្តាយឲ្យរួចផុតពីគ្រោះថ្នាក់។ ឥឡូវម្តាយមានសុខភាពល្អជាធម្មតា ហើយគ្រួសារ១ទៀត ទារក និងម្តាយសុខភាពធម្មតាទេ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានបញ្ជាក់ថា ក្នុងនាមជាលោកគ្រូពេទ្យ មិនគិតថា អ្នកមាន ឬអ្នកក្រ កម្មការិនី ឬមិនមែនកម្មការិនីទេ គឺក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលទាំងអស់ បើបងប្អូនមានបញ្ហាអ្វីកើតនៅផ្ទះ ឬទីឆ្ងាយទោះនៅពេលយប់ ឬពេលថ្ងៃទេ ឲ្យតែមន្ទីរពេទ្យ ទទួលបានព័ត៌មានត្រូវយកចិត្តទូកដាក់មើលព្យាបាលហើយ៕