(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពថ្មីទៀតហើយ សម្រាប់ប្រទេសកម្ពុជា ដែលបានកាត់បន្ថយជំងឺឆ្លង កាត់បន្ថយការរីករាលដាលជំងឺអេដស៍ និងការជក់បារី។ ការបង្ហាញមោទនភាពថ្មីនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីកម្ពុជា អត្រានៃអ្នកផ្ទុកជំងឺអេដស៍ និងអត្រាអ្នកជក់បារី បានធ្លាក់ចុះជាបន្ដបន្ទាប់ខណៈដែលបណ្ដាប្រទេសផ្សេងៗ មិនទាន់មានការវិឌ្ឍន៍ល្អដូចកម្ពុជានោះឡើយ។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជំងឺនានាយើងបានកាត់បន្ថយច្រើន ហើយសំខាន់ខ្ញុំមានមោទនភាពជំងឺអេដស៍ ត្រូវបានកាត់បន្ថយយ៉ាងលឿន ហើយមិនរីករាលដាលទេ ប្រៀបធៀបទៅជាមួយនឹងប្រទេសដទៃ ដែលមានការរីករាលដាល ប៉ុន្ដែអត្រាអ្នកផ្ទុកជំងឺអេដស៍ នៅកម្ពុជា មានការធ្លាក់ចុះជាបន្ដបន្ទាប់ សម្រាប់ប្រទេសរបស់យើងនេះ ជាមោទនភាពទី១ មោទនភាពទី២ ខ្ញុំដើរសួរសុខទុក្ខកម្មករ កម្មការិនីជាង៣០ម៉ឺននាក់ ខ្ញុំមិនបានធំក្លិនផ្សេងបារី ចេញពីកម្មករណាម្នាក់ទេប្រទេសរបស់យើងនេះ គឺជាប្រទេសដែលមាន ការវិវឌ្ឍន៍ល្អណាស់ ទៅលើបញ្ហាការថែទាំសុខភាពពាក់ព័ន្ធជាមួយនឹងថ្នាំជក់»។
ពាក់ព័ន្ធនឹងការជក់បារីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអតីតជាអ្នកជក់បារីនោះ បានណែនាំដល់ពលរដ្ឋកម្ពុជាណាដែលកំពុងតែទទួលទានបារី ត្រូវតែព្យាយាមដើម្បីកាត់បន្ថយ ឬផ្ដាច់ ព្រោះថាការតាំងចិត្តដើម្បីផ្ដាច់នោះ គឺយើងពិតជាអាចធ្វើបានដើម្បីមនុស្សដែលយើងស្រលាញ់ និងអ្នកនៅជុំវិញខ្លួន ជាក់ស្ដែងចៅៗរបស់សម្ដេច ជាកម្លាំងចិត្តធ្វើឲ្យសម្ដេចផ្ដាច់ការ ជក់បារីបានសម្រេច។
សូមជម្រាបថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់ ត្រូវបានស្លាប់ដោយសារជំងឺ ដែលបង្កដោយការប្រាស់ផលិតផលថ្នាំជក់ (អង្គការសុខភាពពិភពលោក)។ ថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានចំណាយដើម្បីទិញបារីជក់ (វិទ្យាស្ថានជាតិស្ថិតិ ២០១៥) ហើយថវិកាប្រមាណ១៦២លានដុល្លារអាមេរិក ត្រូវបានចំណាយដើម្បីព្យាបាលជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ប្រាំមុខ (មជ្ឍមណ្ឌលជាតិលើកកំពស់សុខភាព)។
ដោយឡែក ពាក់ព័ន្ធជំងឺអេដស៍វិញ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុងឆ្នាំ២០១៧នេះ បានបង្ហាញថា កម្ពុជាបានកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី រហូតដល់ទៅ៥០ភាគរយ គិតចាប់ពីឆ្នាំ២០១១ ហើយករណីឆ្លងមេរោគអេដស៍ថ្មី កំពុងតែធ្លាក់ចុះជាបន្ដបន្ទាប់។
បច្ចុប្បន្នប្រទេសកម្ពុជា អាចផ្ដល់ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទៅដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ដែលកំពុងត្រូវការ បានរហូតដល់ទៅ៩៧ភាគរយ។ ដូច្នេះជាលទ្ធផលបានធ្វើឲ្យអត្រាមរណភាពដោយសារជំងឺអេដស៍ បន្ដធ្លាក់ចុះជារៀងរាល់ឆ្នាំ៕