(កំពង់ធំ)៖ ថ្លែងក្នុងពិធីប្រកាសតំណែងអភិបាលរងខេត្តកំពង់ធំ, លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា កន្លងមកខេត្តកំពង់ធំ មន្ត្រីរាជការបានបំពេញភារកិច្ចល្អប្រសើរមួយចំនួនធំ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅឃើញមានចំណុចខ្វះខាតបន្តិចបន្តួចផងដែរ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ តម្រូវធ្វើការងាររបស់ខ្លួនបន្ថែមទៀត ឲ្យបានគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១៨នេះ។
លោក សក់ សេដ្ឋា បានបន្តថា «ខេត្តកំពង់ធំ ក៏មិនខុសពីខេត្តដទៃទៀតដែរ ដោយការបំពេញភារកិច្ចរបស់មន្រ្តីរាជការ នូវមានភាពខ្វះចន្លោះដែល តម្រូវឲ្យមានការបំពេញបន្ថែមនៅឆ្នា២០១៨។ ក្នុងនោះចំណុចដែលត្រូវបំពេញបន្ថែម គឺត្រូវពង្រឹងលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយពន្លឿនការធ្វើសៀវភៅ (ក២) (ក៤) អត្តសញ្ញាណប័ណ្ណ អត្រានុគោលដ្ឋាន មិនត្រូវប្រកាន់បក្សពួកនិយម និង មិនត្រូវមានភាពរើសអើងក្នុងកិច្ចសហការគ្នា ដែលកន្លងមកប្រជាពលរដ្ឋទូទាំង ប្រទេសតែងតែមានការត្អូញត្អែរ។ លើសពីនេះទៅទៀតការបង្រ្កាបល្មើសផ្សេងៗ ជាពិសេស បទល្មើសគ្រឿងញៀន ជលផល និងព្រៃឈើ ដែលនៅសេសសល់ ត្រូវធ្វើដូចភ្លៀងរលឹមបន្តទៀត។
ក្នុងឱកាសនោះដែរលោក ក៏ផ្តាំផ្ញើរទៅកាន់លោក សុខ ហៃ ដែលត្រូវចូលកាន់តំណែងថ្មី ជាអភិបាលរងខេត្ត គឺត្រូវមានកិច្ចសហការខ្ពស់ជាមួយ លោក លោកស្រី និងមន្ត្រីរាជការក្នុងខេត្ត ឲ្យបានល្អប្រសើរមានស្មារតីខ្ពស់ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ មានកាទទួលខុសត្រូវ នូវការបំណែងចែកភារកិច្ច ក្នុងការអនុវត្តការងារ មានស្មារតីស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជាពិសេសហាមដាក់ខាត ប្រព្រឹត្តនូវអំពើណាដែលមានជាប់ទាក់ទង និងបទល្មើសជាដាច់ខាត។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំមាន ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជនបទប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ការរៀបចំណ្តាប់ធ្នាប់ ក្នុងក្រុងមានភាពល្អប្រសើរជាងមុន ការធ្វើប្រព័ន្ធធារាស្រ្តសម្រាប់បង្កបង្កើនផល ស្រូវវស្សា និងស្រូវប្រាំងមានភាពកើនឡើង ការបម្រើសេវាសាធារណៈ មានភាពរហ័សដែលអាចឲ្យយើង ទទួលយកបានមួយផ្នែកធំ។ រីឯបទល្មើស ទាំងបទល្មើសនេសាទ ព្រៃឈើ គ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍ មានភាពថយជាលំដាប់។
លោក សុខ លូ ក៏បានធ្វើការប្តេជ្ញាចិត្តបំពេញ នូវចំណុចដែលនៅសេសសល់ និងចំណុចអសកម្មទាំងឡាយ ដែលបានបន្សល់ពីមុន ឲ្យបានគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៨នេះ៕