(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា សម្តេចធ្លាប់បានកើតជំងឺផ្តាសាយជ្រូក H1N1 និងជាមនុស្សខ្លាចម្ជុលចាក់ថ្នាំ។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)
សូមជម្រាបថា ការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូកនេះ គឺកើតឡើងនៅក្នុងឆ្នាំ២០០៩ បណ្ដាលឲ្យមានការភ័យស្លន់ស្លោនៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ជំងឺនេះថា ជាការរាតត្បាតមួយ ចំណែកឯនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដំឡើងម៉ាស៊ីនស្កេនកម្ដៅដើម្បីតាមដានអ្នកធ្វើដំណើរដែលអាចមានផ្ទុកជំងឺនេះ។ ប៉ុន្តែបើទោះបីជាមានការព្រួយបារម្ភទាំងនេះ ក៏ជំងឺផ្ដាសាយជ្រូកនេះគឺ កម្រធ្វើឲ្យមនុស្សស្លាប់ណាស់ ហើយវាបានក្លាយទៅជា ប្រភេទមួយផ្សេងទៀតនៃជំងឺផ្ដាសាយ ដែលអាចកើតឡើង ក្នុងអំឡុងពេលរដូវកាលផ្ដាសាយ៕