(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រៅពីការប្រកាសបង្កើតមូលនិធិជួយដល់អ្នកធាក់ស៊ីក្លូហើយនោះ ក៏បានប្រកាសជ្រើសរើសថ្ងៃហូបបាយ ជាមួយអ្នកធាក់ស៊ីក្លូផងដែរ ដើម្បីស្វែងយល់ពីបញ្ហាសុខទុក្ខកាន់តែច្បាស់ពីអ្នកធាក់ស៊ីក្លូ ថ្វីត្បិតតែសម្ដេចមិនមែនជាអតីតអ្នកធាក់ស៊ីក្លូក៏ពិតមែន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលដែលយើងចាប់ផ្ដើមមូលនិធិនេះ យើងគួរតែជួបជុំគាត់មួយពេល ហើយបាយជាមួយបងប្អូនស៊ីក្លូតែម្ដង ខ្ញុំនឹងបាយជាមួយគាត់ ដើម្បីឲ្យយល់គ្នា ព្រោះខ្ញុំមិនមែនជាអតីតអ្នកធាក់ស៊ីក្លូទេ ប៉ុន្ដែជាអតីតអ្នករៀនធាក់ស៊ីក្លូ»។
បន្ថែមពីការបង្កើតមូលនិធិជួយដល់អ្នកធាក់ស៊ីក្លូ និងអនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូ ពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ ឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាទទួលខុសត្រូវលើការងារនេះ ក៏ដូចជាការពន្លឿនការងារនេះឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
អនុសាសន៍ដែលសម្ដេចនាយករដ្ឋមន្ដ្រី ផ្ដល់ជូនអភិបាលរាជធានីភ្នំពេញនោះ រួមមាន នៅពេលបង្កើតមូលនិធិនេះ អាចចេញថ្លៃជួលស៊ីក្លូ ចេញប្រាក់ថ្លៃបាយ ហើយលុយដែលរកបានត្រូវប្រគល់ឲ្យអ្នកធាក់ស៊ីក្លូតែម្ដង ដោយឡែកនៅពេលអ្នកធាក់ស៊ីក្លូឈឺ មិនអាចប្រកបរបរបាន ក៏ត្រូវមានដំណោះស្រាយផ្សេងៗ ដើម្បីឲ្យអ្នកធាក់ស៊ីក្លូទទួលបានប្រាក់ចំណូលផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ បានប្រកាសអនុញ្ញាតឲ្យបងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
បន្ថែមពីលើការជួយសម្រួលដល់សេវាគាំពារសុខភាព របស់អ្នកស៊ីក្លូហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបង្កើតមូលនិធិមួយទៀត សម្រាប់ទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូនេះ។ មូលនិធិនេះសម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ថវិកាផ្ទាល់របស់សម្តេចជំហានដំបូងប្រមាណ ១០០លានរៀល ហើយនឹងដាក់ប្រចាំខែប្រមាណ ១០លានរៀលបន្ថែមទៀត។ សម្តេចតេជោ ក៏បានប្រកាសអំពាវនាវឲ្យសាធារណជនចូលរួមផ្តល់ថវិកាសម្រាប់មូលនិធិផងដែរ។
បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលបានប្រកបនេះមិនតិចជាង២០ឆ្នាំនោះ បានបង្ហាញក្តីរីករាយជាខ្លាំងបន្ទាប់អាជីពរបស់ពួកគេទទួលបានការយកចិត្តទុកដាក់ និងជំរុញការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនេះ ដោយសារស៊ីក្លូក៏បានចូលរួមចំណែកទាញទាក់ និងបម្រើសេវាកម្មជូនភ្ញៀវទេសចរផងដែរ ពិសេសទេសចរអន្តរជាតិ លើសពីនោះគឺរក្សាបាននូវបរិស្ថានដ៍ល្អ។ មធ្យោបាយធ្វើដំណើរ ដែលមិនប៉ះពាល់បរិស្ថានមួយនេះ គឺជាសូចនាករមួយបង្ហាញពីទីក្រុងស្អាត និងបរិស្ថានល្អសម្រាប់ភ្ញៀវទេសចរ។
សូមជម្រាបថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអ្នកធាត់ស៊ីក្លូប្រមាណជាង ២០០នាក់ ដែលនៅបន្តមុខរបរចិញ្ចឹមជីវិតធាក់ស៊ីក្លូនេះ ក្នុងនោះគេក៏សង្កេតឃើញមានក្រុមភ្ញៀវទេសចរបរទេស បានជួលអ្នកធាក់ស៊ីក្លូជិះដើរកម្សាន្តក្នុងរាជធានីភ្នំពេញផងដែរ មិនតែប៉ុណ្ណោះ ក៏មានចលនាយុវជនកម្ពុជាមួយចំនួន ប្រើប្រាស់ស៊ីក្លូជាមធ្យោបាយក្នុងការផ្សព្វផ្សាយ យុទ្ធនាការរបស់ពួកគេទៀតផង៕