(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានរំលឹកថា អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ «អ៊ុនតាក់» (UNTAC) មិនមែនជាអ្នកបញ្ចប់សង្គ្រាម នៅក្នុងប្រទេសកម្ពុជាទេ ហើយ អ៊ុនតាក់នេះ មិនអាចចូលទៅ តំបន់កាន់កាប់ ដោយខ្មែរក្រហមនៅតាមទល់ដែនខ្មែរ-ថៃបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកបែបនេះ នៅក្នុងពិធីសម្ពោធ អគារព្យាបាលជំងឺថ្មី ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» នៅក្នុង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ុនតាក់បានចាយលុយ២ពាន់លានដុល្លារ ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្វីដែល កិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ហើយដែលអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ដកត្រឡប់ទៅវិញ បានបន្សល់ទុកឱ្យកម្ពុជា នូវជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រា២ និងមានរដ្ឋាភិបាល២ នៅឡើយទេ»។
សម្តេចបានបន្តទៀតថា «អ៊ុនតាក់មិនមែនសម្រេចជោគជ័យ១០០ភាគរយ សម្រាប់សន្តិភាពរបស់កម្ពុជានោះទេ អ៊ុនតាក់គ្មានលទ្ធភាព ចូលទៅតំបន់ ខ្មែរក្រហមទេ»។
អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) ត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាបន្ទាប់ពីសង្គ្រាមស៊ីវិលរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការឈ្លានពានរបស់វៀតណាម នៅឆ្នាំ ១៩៩១។ បេសកកម្មរបស់អ៊ុនតាក់ បានចាប់ផ្តើមពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ គឺដើម្បីស្ដារប្រទេសជាតិឡើងវិញ និងចាប់ផ្តើមសករាជលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពថ្មីមួយឡើងវិញ។ អ៊ុនតាក់ (UNTAC) បានរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា នៅខែឧសភា ឆ្នាំ១៩៩៣ ប៉ុន្តែខ្មែរក្រហមពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។
ក្រោមនយោបាយ «ឈ្នះ ឈ្នះ» ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំ១៩៩៤ អង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន ត្រូវបានរំសាយដោយគ្មានការប្រយុទ្ធ។ នយោបាយ «ឈ្នះ ឈ្នះ» តាមរយៈការបញ្ចុះបញ្ចូលនេះ មានយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។ ខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំឱ្យមានសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលនយោបាយឈ្នះៗ ចាប់ផ្តើមផ្ទុះឡើង ដែលចាប់ផ្តើមពីតំបន់ឱរ៉ាល់ នៅដើមឆ្នាំ១៩៩៦ និងបន្តទៅក្នុងអំឡុងខែសីហា ឆ្នាំ១៩៩៦ តាំងពីម៉ាឡៃ ប៉ៃលិន កំរៀង ភ្នំព្រឹក និងតំបន់ដទៃទៀតដូចជាតាកែន កោះស្លាជាដើម »។ សម្តេចបានបន្ថែមថា «ដើមឆ្នាំ១៩៩៨ យើងក៏បានបន្តឈានឆ្ពោះទៅធ្វើសមាហរណកម្ម នៅតំបន់អន្លង់វែង ដែលជាតំបន់ចុងក្រោយ នៃខ្មែរក្រហម»៕