(រតនគិរី)៖ នាថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក  ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ លោក ថង សាវុន  អភិបាលខេត្តតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់កម្មសិទ្ធិសមូហភាពជូន សហគមន៍ ជនជាតិដើមភាគតិចព្រៅ និងចារាយចំនួន ០៣សហគមន៍ ក្នុងឃុំល្បាំង១ ស្រុកលំផាត់ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

តាមរបាយការណ៍កម្មវិធីអនុវិស័យដីធ្លីខេត្តរតនគិរីឲ្យដឹងថា ក្នុងខេត្តរតនគិរី មានសហគមន៍ជនជាតិដើម ភាគតិចប្រមាណជាង៥០ ដែលបានចុះបញ្ជី រួចជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ សហគមន៍ចំនួន២៧ កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីដីជាសមូហភាព។ ដោយឡែកសហគមន៍ជនជាតិ ដើមភាគតិចចំនួន០៣សហគមន៍ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពនាពេលនេះមានផ្ទៃដីសរុប ២,១៨៦ ហិកតា ដែលមានសមាជិក ៣២៤គ្រួសារ ដោយបែងចែកជាដីលំនៅដ្ឋាន ដីចំការបច្ចុប្បន្ន ដីចំការបំរុងវិលជុំ ដីព្រៃអារក្ស និងដីកប់ខ្មោច។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាជនដើមភាគតិចនាឱកាសនោះ លោក ថង សាវុន ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ជនជាតិភាគតិចទាំងអស់ត្រូវថែរក្សាឲ្យបានគង់វង្សនូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តិ៍ភាព ទៅតាមប្រភេទដីនីមួយៗ។

ទន្ទឹមនឹងនោះលោកអភិបាលខេត្តក៏បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ទាំង ជីវភាពរស់នៅការអប់រំ សុខមាល ភាព សម្រាប់របស់បងប្អូន ជនជាតិដើមភាគតិច ប្រកបដោយសុខដុមនីយកម្ម៕