(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ជាច្រើននាក់ ចុះប្រត្តបត្តិការកាត់សំយ៉ាបតូប លក់ឥវ៉ាន់មួយចំនួន ដែលលយមកលើចំណីចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋ និងរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ក្រោយពីធ្វើការបាញ់ គំនូសពណ៌ក្រហមកំណត់ពី៤ ទៅ៥ម៉ែត្រពីចិញ្ចើមផ្លូវ ជាច្រើនលើក ច្រើនសារមកហើយ ក្នុងការបង្ការទប់ស្កាត់ ការយកចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មដាក់តាំង លក់ដូរទំនិញផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករ ដែលច្បាប់កំពុងហាមឃាត់ដាច់ខាត ដើម្បីជួយលើកកម្ពស់ សោភ័ណ្ឌភាព រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការកាត់សំយ៉ាបតូបលក់ឥវ៉ាន់ ដើម្បីរំដោះចំណីផ្លូវពីការធ្វើអាជីវកម្មឯកជន ពីសំណាក់ប្រជាពលរដ្ឋ ជាអាជីវករ ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ចាប់ពីផ្លូវលេខ៧០ ចុះមកតាមផ្លូវបុប្ផារាជធានីភ្នំពេញ មកប៉ែកខាងជើងចំផ្សារ ទួលសង្កែ (ហៅផ្សារសាំហាន់) ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងថា បើរាប់គិតចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ត្រូវបានតំណាងរបស់លោក គឺលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានដឹកនាំលោកនាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ មានកម្លាំងនគរបាល និងកងសណ្តាប់ធ្នាប់ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយ៉ាបតូបលក់ឥវ៉ាន់ចំនួន២១តូប ចាប់ពីរង្វង់មូលកាមខូស៉ីធី តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ត្រង់ចំណុចផ្សារទំនប់ ហៅផ្សារងិនអាន និងផ្សារជ័យជំនះ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី២ ជាពិសេស ក្រុមអាជីវករបានយល់ព្រមកាត់យ៉ាប ដែលលយចេញមក លើចិញ្ចើមផ្លូវដោយខ្លួនឯង ចំនួន៣តូបផងដែរ ក្នុងការរំដោះការយកចំណីផ្លូវសាធារណៈរបស់រដ្ឋ ចេញពីការធ្វើអាជីវកម្មឯកជន របស់ប្រជាពលរដ្ឋ ជាជីវករ ព្រមទាំងដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងទៀតថា «ដើម្បីរក្សាបានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុខភាព និងជួយលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញបាន គឺផ្ដើមចេញពីយើងទាំងអស់គ្នា» ដូច្នេះចាំបាច់ណាស់ ដើម្បីបញ្ឈប់សកម្មភាពពីការដាក់តាំងសម្ភារ ឫលក់ដូរទំនិញផ្សេងៗ ដែលរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករលក់ដូរ គឺត្រូវអនុវត្តឡើងជាបន្តបន្ទាប់តែប្រសិនបើគ្មាន កិច្ចចូលរួមសហការល្អពីប្រជាពលរដ្ឋនោះទេ បើទោះបីជាអាជ្ញាធរពាក់ព័ន្ធ មានវិធានការ ខិតខំប្រឹងប្រែងយ៉ាងណា ក៏គ្មានប្រសិទ្ធឡើយ «ដោយសារប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹងយ៉ាងច្បាស់អំពីច្បាប់ទម្លាប់» «និងមានមួយចំនួនតូចនៅពុំទាន់យល់ពីច្បាប់ទម្លាប់នោះទេ»៕