(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើលិខិតរំលែកទុក្ខជូន គ្រួសារសព លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែមករា កន្លងទៅ។
នៅក្នុងលិខិតរំលែកទុក្ខដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «មរណភាពរបស់លោក សុទ្ធ តារា គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់លោកស្រី និងក្រុមគ្រួសារ ហើយក៏ជាបាត់បង់នូវមន្រ្តីដ៏សកម្មមួយរូប ដែលអស់រយៈពេលជាច្រើនឆ្នាំ កន្លងមក លោក សុទ្ធ តារា បានចូលរួមចំណែកបំពេញភារកិច្ចបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឃន៍ មូលដ្ឋាន ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ និងកោតសរសើរពីប្រជាពលរដ្ឋទូទៅក្នុងស្រុកក្រគរទាំងមូល»។
សូមបញ្ជាក់ថា លោក សុទ្ធ តារា ជាមួយជនរងគ្រោះ៥នាក់ផ្សេងទៀត បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ តរបស់លោក ជាមួយក្រុង កាពីតូល រួចបន្តទៅបុករថយន្តមួយគ្រឿង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិ លេខ៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា យោងចម្លើយសាក្សីដែលនៅជិតកន្លែងកើតហេតុ បានបំភ្លឺថាគឺ រថយន្តក្រុងម៉ាក KAI ពណ៌ស ខៀវ របស់ក្រុមហ៊ុន Capitol ពាក់ផ្លាកលេខ ភ្នំពេញ 3B-6165 ធ្វើដំណើរពីកើតទៅលិច (អ្នកបើកបរគេចខ្លួន) បានបុកជាមួយរថយន្តម៉ាក Toyota Corola ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2D-7437 ធ្វើដំណើរពី លិចទៅកើត បើកបរដោយឈ្មោះ សុទ្ធ តារា ភេទប្រុស រស់នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រធានក្រុមប្រឹក្សា ស្រុកក្រគរ (រងរបួសធ្ងន់) បញ្ជូនដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ (ស្លាប់)។ ភ្លាមនោះរថយន្ត KAI បានរេចង្កូតទៅបុករះចំទ្រូង រថយន្តម៉ាក HYUNDAI មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3464 ធ្វើដំណើរពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) ចំផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តក្រុងធ្លាក់ផ្លូវ ខូចជញ្ជាំងផ្នែកខាងស្តាំមួយចំហៀងទាំងស្រុង។
លោកអធិការបន្ថែមថា ជនរងគ្រោះបានបាត់បង់ជីវិតចំនួន០៦នាក់រួមមាន៖ ១.ឈ្មោះ ងឹម សុផា ភេទស្រី អាយុ២៤ឆ្នាំ លំនៅភូមិថ្មី ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់, ២.ឈ្មោះ ពេជ្រ ដាវ៉ាន ភេតស្រី អាយុ២៧ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣.ឈ្មោះ ប៊ុន សុចារ៉ា ភេទស្រី អាយុ៤៦ឆ្នាំ លំនៅភូមិអណ្តូងចេញ ឃុំ អូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង, ៤.ឈ្មោះ សុទ្ធ តារា ភេទប្រុស រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៥.ឈ្មោះ សោម សុវណ្ណនី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិក្របៅជុំ ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និង ៦.ឈ្មោះ ញឹប ថាក់ ភេទប្រុស អាយុ៤៦ឆ្នាំ លំនៅភូមិទី៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។
ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់ទាំង០៥នាក់រួមមាន៖ ១.ឈ្មោះ សុំ វណ្ណា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ២.ឈ្មោះ ទុំ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ លំនៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ៣.ឈ្មោះ សុខ ស៊ីវឡាង ភេទស្រី អាយុ២៣ឆ្នាំ លំនៅភូមិស្លុង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់, ៤.ឈ្មោះ ប៉ា គីវង្ស ភេទប្រុស អាយុ០៩ឆ្នាំ លំនៅភូមិអូរ ឃុំបឹងបត់កណ្តុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង៥.ឈ្មោះ UF LACKER GUNDULA ភេទ ស្រី អាយុ៤៨ឆ្នាំ ជនជាតិអាឡឺម៉ង់។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកសាកសពទាំង៦នាក់ បានប្រគល់ ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំភាគីទាំងសងខាងចូល ខ្លួនដោះស្រាយគ្នា តាមច្បាប់នៅពេលក្រោយ៕