(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) បានសម្រេចធ្វើពិធីក្រុងពាលី ចេញថតភាពយន្តថ្មី ដែលនិយាយពីជំនឿ មន្តអាគម អារក្សអ្នកតា ការស្នងទាយាទ និងប្រពៃណីទំនៀមទម្លាប់ពីបុរាណ មានចំណងជើងថា «ទាយាទអសុរ» ដែលភាពយន្តយកលំនាំ តាមភាពយន្តដ៏ល្បីល្បាញរបស់ថៃ គឺរឿង «យាយវនាថ» ដើម្បីមកបង្ហាញឲ្យមហាជន បានដឹងជាថ្មី និងថតជាលក្ខណៈខ្មែរសុទ្ធសាធ។ គេនៅចាំបានថា ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ ធ្លាប់បានថតរឿង «នាងនាថបាត់ដំបង» រួចមកហើយ ដោយបានស្រាវជ្រាវប្រវត្តិរបស់នាងនាថ នៅឯខេត្តបាត់ដំបង មកចងក្រងធ្វើជាភាពយន្តភាគ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។
យ៉ាងណាមិញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានធ្វើពិធីក្រុងពាលីថតរឿង «ទាយាទអសុរ» ដែលជារឿងបែបជំនឿ ខ្មោចព្រាយបិសាចដូចគ្នា ដោយក្នុងនោះ គេសង្កេតឃើញ មានតារាសម្ដែងល្បីៗ ក្នុងតួឯកក្នុងរឿង គឺកញ្ញា នី មុន្នីនាថ ក៏បង្ហាញវត្តមានចូលរួម ផងដែរ។
លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងការផលិតកម្មវិធី ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) បានថ្លែងប្រាប់ឲ្យដឹងថា ជាការពិត រឿង យាយវនាថ គឺជាភាពយន្តដ៏ល្បីល្បាញ របស់ប្រទេសថៃ កាលពីច្រើនឆ្នាំមុន ហើយពេលនេះ យើងបានទទួលសិទ្ធផ្លូវការ ដើម្បីថតរឿងនេះជាថ្មី ហើយយើងអាចធ្វើឡើង ឲ្យមានលក្ខណៈ ទ្រង់ទ្រាយជារបស់ខ្មែរ អបិយជំនឿរបស់ខ្មែរ ដែលក្នុងផ្ទៃរឿងទាំងមូល ចង់បង្ហាញពីក្បួនច្បាប់តម្រា ការរស់នៅ និងទំនៀមទម្លាប់ពីបុរាណកាល របស់ខ្មែរ។
ប្រធានគ្រប់គ្រង ការផលិតកម្មវិធីដដែល បានបន្តថា ការសម្រេចចិត្តផលិតរឿង «ទាយាទអសុរ» ដោយជ្រើសរើសយកតារាសម្ដែង នី មុន្នីនាថ សម្ដែងជាតួឯក គឺដោយសារតែអ្នកដឹកនាំបានមើលឃើញថា នី មុន្នីនាថ សម្ដែងរឿងបុរាណស័ក្តិសម ជាងរឿងសម័យ ហើយនាងមានទីផ្សារខ្ពស់ និងប្រជាប្រិយភាព តាមរយៈរឿងបុរាណច្រើនជាងរឿងសម័យ ទើបប៉ុស្ដិ៍លេខ៥ សសម្រេចយកនាង សម្ដែងជាតួឯកតែម្ដង។
លោកបន្តថា ទោះជាយ៉ាងណា តាមរយៈការដឹកនាំសម្ដែងរបស់ផលិតករថៃ សហការជាមួយនឹងផលិតករខ្មែរយើង នឹងធ្វើឲ្យផ្ទៃរឿងទាំងមូល មានលក្ខណៈខុសប្លែកពីរឿងដទៃ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ខណៈដែលស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ តែងតែផ្ដោតសំខាន់លើគុណភាពជាចម្បង និងការជ្រើសរើសទីតាំងថត តួសម្ដែង បច្ចេកទេសកាត់ត ឲ្យមានលក្ខណៈទំនើប អាចទទួលយកបាន។
សូមបញ្ជាក់ថា ភាពយន្តរឿង «ទាយាទអសុរ» នឹងចាប់ផ្ដើមចេញថត ចាប់ពីថ្ងៃស្អែកនេះតទៅ ដោយតាមគម្រោងនឹងត្រូវបញ្ចប់ ក្នុងរយៈពេល៣ខែ ហើយ នឹងត្រូវដាក់បញ្ចាំង នៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរមកដល់ នៅក្នុងស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5)៕