(ភ្នំពេញ)៖ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ដែលមានអាសនៈនៅក្នុងរដ្ឋសភា បានគំាទ្រចំពោះគម្រោងស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងការកំណត់ចំនួនឡើងវិញនៃសមាជិកគណៈរដ្ឋមន្រ្តី។
លោកបានប្រសាសន៍ថា នេះជាចំនុចល្អមួយ ដែលធ្វើឲ្យការងាររបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធិភាព ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមសមាជិករដ្ឋសភា លោក ឈាង វុន អះអាងថា លោកក៏គំាទ្រផងដែរនូវការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ថា សម្តេចនឹងជំរុញ និងពង្រឹងការដាក់ទោសទណ្ឌចំពោះជនណាដែលប្រមាថដល់ព្រះជេស្ដារព្រះមហាក្សត្រ។
នៅត្រង់ចំនុចនេះ ក្នុងនាមលោកជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង លោក ឈាង វុន បានលើកឡើងថា ការដាក់ទណ្ឌអ្នកប្រមាថ ឬធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ មានជម្រើសច្រើន គឺអាចធ្វើច្បាប់ថ្មីដោយឡែកមួយទៀតក៏បាន ឬធ្វើវិសោធនកម្មលើចំណុចខ្លះ នៃក្រមព្រហ្មទណ្ឌដែលមានស្រាប់យកមកប្រើប្រាស់ក៏បាន។
លោក ឈាង វុន បានបញ្ជាក់ថា កន្លងមកនេះ មានជនអគតិមួយចំនួន បានវាយប្រហារព្រះមហាក្សត្រដោយប្រើពាក្យសម្តីត្រគោះបោះ បោក និងវាយប្រហារ អង្គព្រះមហាក្សត្រ ដែលធ្វើឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ មិនអាចនៅស្ងៀម និងអត់ឱនបានតទៅទៀតទេ។
ក្នុងនាមសមាជិករដ្ឋសភាលោក ឈាង វុន អះអាងថា ប្រសិនជាសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ ឬ ក៏ច្បាប់ថ្មីខាងលើ មកដល់ដៃរដ្ឋសភា លោកនឹងគំាទ្រ ហើយជំរុញរដ្ឋសភាអនុម័តឲ្យបានឆាប់ បើបានមុនដាច់អាណត្តិទី៥នៃរដ្ឋសភានេះ គឺរឹតតែល្អប្រសើរថែមទៀត។
បើទោះបីជាការការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេង២ភាគ៣ក៏ដោយ លោក ឈាង វុន មានសង្ឃឹមថា សមាជិករដ្ឋសភានឹងគំាទ្រសំណើដ៏មានសារសំខាន់នេះ៕