(ភ្នំពេញ)៖ ពេញ១ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានសម្រេចនូវសមិទ្ធផលវិជ្ជមានចម្បងៗជាច្រើន ក្នុងការរួមចំណែកគាំទ្រវិស័យ​សេដ្ឋកិច្ចកម្ពុជា ឲ្យមានភាពល្អប្រសើរឡើង ដោយក្នុងនោះមានការសម្រេចបាននូវការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, ការអភិវឌ្ឍន៍វិស័យធនាគារ និងវិស័យជាច្រើនទៀត។ នេះបើយោងទៅតាមការឲ្យដឹងពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែង​ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ។

ថ្លែងក្នុងកម្មវិធីខាងលើនេះ លោក ជា ចាន់តូ បានឲ្យដឹងថា ធនាគារជាតិនៃ​កម្ពុជា បានរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច ដោយសម្រេចបាន នូវលទ្ធផលវិជ្ជមានចម្បងៗជាច្រើនដូចជា៖

១៖ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៖ គោលនយោបាយរូបិយវត្ថុ ត្រូវបានអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន បត់បែន និងមានសង្គតិភាពជាមួយគោលនយោបាយសារពើពន្ធ ហើយបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ។ អត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យ មានស្ថិរភាពក្នុងរង្វង់៤,០៥០រៀល ក្នុង១ដុល្លារអាមេរិក តាមរយៈការធ្វើអន្តរាគមន៍ លើទីផ្សារប្តូរប្រាក់ផ្អែកតាមតម្រូវការ និងមូលដ្ឋានសេដ្ឋកិច្ច។

ស្ថិរភាពអត្រាប្តូរប្រាក់គួបផ្សំ នឹងការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងកម្រិតសមស្របបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃ។ ជាក់ស្តែងអត្រាអតិផរណា ជាមធ្យមនៅឆ្នាំ២០១៧ មានកម្រិតទាបអាចគ្រប់គ្រងបានប្រមាណ២.៩% ប្រហាក់ប្រហែល នឹងអត្រាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ២.៨% ដែលបង្ហាញពីការបន្តសម្រេចការរក្សាស្ថិរភាពថ្លៃបានយ៉ាងល្អប្រសើរ។ ស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ បានការពារអំណាចទិញរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានចំណូលទាប និងពង្រឹងជំនឿទុកចិត្តសាធារណជន មកលើរូបិយវត្ថុជាតិ។

២៖ ការអភិវឌ្ឍវិស័យធនាគារ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ៖ នៅឆ្នាំ២០១៧ គោលដៅចម្បងក្នុងការអភិវឌ្ឍវិស័យធនាគារ គឺការបន្តពង្រឹងតុល្យភាពរវាង ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ម៉្យាងដើម្បីបន្តរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចចម្បងៗ ដែលបានបោះជំហានទៅមុខឥតឈប់ឈរ និងមានតម្រូវការធនធានហិរញ្ញវត្ថុ និងម៉្យាងទៀតដើម្បីពង្រឹងស្ថិរភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលជាបរិស្ថាន រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច។

លោកបានបន្ដទៀតថា ធនាគារជាតិបាន រីឯក្នុងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារជាតិបានដាក់ឱ្យអនុវត្តពិដានអត្រាការប្រាក់ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងឥណទានជនបទក្នុងអត្រា១៨% ដែលបានបង្កលក្ខណៈអំណោយផល ដល់ប្រជាកសិករ និងសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទាន ក្នុងតម្លៃទាបជាងមុន សម្រាប់បង្កើនសកម្មភាពអាជីវកម្ម ក្នុងគោលបំណងពង្រឹងនិរន្ដរភាព របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបំបាត់ការឃោសនាកេងប្រវ័ញ្ច និងបោកប្រាស់ប្រជាពលរដ្ឋ ពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន។

ធនាគារជាតិនៃកម្ពុជា បានបង្កើនការយល់ដឹងរបស់សាធារណជន លើកម្មសិទ្ធិភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋប្រកបដោយជោគជ័យ តាមរយៈការផ្សព្វផ្សាយដល់សាធារណជន ការប្តូរនិមិត្តសញ្ញា និងកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។

ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងកំពុងលើកកម្ពស់ការយល់ដឹងពីសេវាហិរញ្ញា​វត្ថុ​របស់សាធារណជន និងអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ តាមរយៈការចុះពន្យល់តាមមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងការដាក់ឱ្យប្រើប្រាស់ នូវទូរស័ព្ទដៃសម្រាប់ជូនដំណឹងមកធនាគារជាតិនៃកម្ពុជាពីបញ្ហានានាដែលកើតឡើង ពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុរបស់អតិថិជន។

ធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ។ ម៉្យាងទៀតធនាគារជាតិនៃកម្ពុជា ក៏កំពុងបញ្ចប់ការរៀបចំយុទ្ធសាស្ត្រ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់កម្ពុជា ដែលនឹងក្លាយជាផែនទីមគ្គុទ្ទេសក៍សម្រាប់ការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ៕