(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្រេចប្រគល់ «សួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ» ជូនសាលាខណ្ឌដូនពេញ ដើម្បីគ្រប់គ្រង។ នេះបើយោងតាមលិខិតប្រគល់-ទទួល របស់អភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតនេះ លោក ឃួង ស្រេង បានថ្លែងថា «ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ឲ្យបានល្អប្រសើរបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសម្រេចប្រគល់ទីតាំងសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីគ្រប់គ្រង ថែទាំ ធ្វើអនាម័យ និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនឲ្យមានការចតលើទ្រូងផ្លូវ និងការធ្វើចរាចរបញ្ច្រាសទិសទៀតទេ។ ក្នុងករណីបាតុភាពអសកម្មខាងលើនៅតែកើតមាន រដ្ឋបាលខណ្ឌដូនពេញ ត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ»។
មន្រ្តីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលកន្លងទៅ សួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ កាលពីពេលកន្លងទៅ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សាលាខណ្ឌចំការមន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ-កម្មការិនីជាង១៣,០០០នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះអ្នកបើកបរបញ្ច្រាសផ្លូវនៅរង្វង់មូលវិមានឯករាជ្យ ពោលគឺនៅមុនគេហដ្ឋានរបស់សម្ដេចផ្ទាល់តែម្ដង ហើយសម្ដេចក៏ជាអ្នកបញ្ជាឲ្យចាប់អ្នកល្មើសច្បាប់នោះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមវិមានឯករាជ្យទាំងឡាយ រឿងដែលវាហួសចិត្តនៅត្រង់ថា វិថីមួយខ្សែបានកើតឡើងនៅមុនផ្ទះនាយករដ្ឋមន្ដ្រីតែម្ដង ជាផ្លូវថ្មីចែស គឺនៅវិមានឯករាជ្យជាគន្លងថ្មីមួយ ដែលបានកើតនៅក្នុងសម័យតេជោ គឺជាផ្លូវដែលគួរឲ្យមានការអៀនខ្មាស [...] សូមផ្ដាំទៅក្មួយប៉ូលីសចាប់ប៉ុន្មានថ្ងៃនេះ គឺជាបញ្ជារបស់នាយករដ្ឋមន្ដ្រីតែម្ដង»។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ នៅរង្វង់មូលវិមានឯករាជ្យ ពោលគឺខាងមុខផ្ទះរបស់នាយករដ្ឋមន្រ្តីតែម្តង គេសង្កេតឃើញថា មានជនមួយចំនួន នៅតែបើកបរយ៉ាងអនាធិបតេយ្យ ដោយមិនគោរពច្បាប់ចរាចរណ៍ទាល់តែសោះ។
ការបើកបរទាំងម៉ូតូ និងរថយន្តបញ្ច្រាសទិសនៅវិមានឯករាជ្យយ៉ាងព្រោងព្រាតបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរ ដែលទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ និងរៀបចំសណ្ឋាប់ធ្នាប់នៅចំណុចនេះឲ្យបានល្អប្រសើរឡើងវិញ។
យ៉ាងណាក៏ដោយ សម្រាប់សកម្មភាពអនាធិបតេយ្យខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក និងកម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានបើកយុទ្ធនាការចុះទៅចាប់ម៉ូតូ ម៉ូតូកង់បី និងរថយន្តដែលបញ្ច្រាសទិសនៅរង្វង់មូលវិមានឯករាជ្យ តាំងពីថ្ងៃទី៣១ ខែធ្នូ រហូតមកដល់ពេលនេះមានជាង២០០គ្រឿង៕