(កណ្តាល)៖ រយៈពេលត្រឹមមួយខែ​ លោក​ ហុក​ វ៉ាន់ធីណា​ ប្រធានសាលាដំបូងខេត្តកណ្តាល​ និង​ជាចៅក្រមស៊ើបសួរ​ សម្រេចបិទការស៊ើបសួរបញ្ជូនសំណុំរឿងមាន់ជល់ដ៏ធំនៅឃុំអរិយក្សត្រដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ មកចៅក្រមជំនុំជម្រះ។

ជនត្រូវចោទ​ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ​ កាលពីថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៧​ ក្រោមការចោទប្រកាន់ពីបទ «ភ្នាក់ងារល្បែងស៊ីសងខុសច្បាប់» តាមមាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។ បទល្មើសនេះ​ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិនិយជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល​ ។

មន្ត្រីតុលាការ​ថ្លែងប្រាប់​ Fresh News នៅថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០១៨​ ថា​ សំណុំរឿងនេះបានបិទការស៊ើបសួរបញ្ជូនទៅជំនុំម្រះហើយ​។​ មន្ត្រីដដែល​បន្តថា​ រហូតមកទល់ពេលនេះ​ លោក​ សាយ​ សម្ផស្សសេរី​ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល​ ពុំទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយទេ​។ ចន្លោះពេលនេះ​ មាន់ជល់ចំនួន៩២ក្បាល​ ត្រូវបានកម្ទេចចោលហើយ​តាមដីកាសម្រេចរបស់តុលាការ។

សូមបញ្ជាក់ថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួនពីរកន្លែង ត្រូវបានបញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្លួនប្រគល់ ឱ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ចំណាត់ការដ៏ក្តៅរបស់សមត្ថកិច្ចនេះ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ឱ្យប្រគល់ខ្លួនឱ្យកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ 

សម្តេចតេជោផ្តល់បទសម្ភាសន៍មួយ Fresh News ថា «ខ្ញុំបញ្ជាឱ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឱ្យ សមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឱ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»

ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាលកម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។ ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕