(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះចែកបណ្ណ មូលនិធិសមធម៌សុខាភិបាល ដល់សមាគម ម៉ូតូកង់បីជាង ៤,០០០បណ្ណ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនពួកគាត់នូវការពិនិត្យ និងព្យាបាលមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋនានា។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្រោយពីទទួលបានទិន្ន័យចុះបញ្ជិកាពីសមាគមម៉ូតូកង់បី កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការជំរុញពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើបញ្ហាសុខភាព របស់បងប្អូនជាអ្នកបើកបរម៉ូតូកង់បី នៅជំហានទី១ ប្រមាណជាង ៤,០០០នាក់ ដើម្បីមានសិទ្ធិទៅទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យ ប.ស.ស បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នេះតទៅ បងប្អូនអ្នករត់ម៉ូតូកង់បី ដែលទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលនេះហើយ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ដោយឥតបង់ថ្លៃ។ លោកបន្តថា នៅក្នុងជំហានទី១ នេះ ប.ស.ស បានចុះបញ្ជីអ្នកបើកម៉ូតូកង់បី ប្រមាណជាង ៤,០០០នាក់ ហើយនឹងបន្តចុះបញ្ជីឱ្យអស់នៅទូទាំងប្រទេស នាពេលឆាប់ៗនេះ។
ពិសេសជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលរបបឧបត្ថម្ភជាសាច់ប្រាក់សុទ្ធដល់កម្មករនិយោជិតក្នុង និង ក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីទៅក្នុង បេឡាជាតិរបបសន្តិសុខសង្គម។ ចាប់ពី ០០៖០០ម៉ោង ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតដល់ម៉ោង ៥៖០០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ប.ស.ស បានបើកផ្តល់ឧបត្ថម្ភនេះដល់ស្ត្រីជាកម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានសម្រាលកូន បានចំនួន ២៨៨នាក់ និងបើកផ្តល់ថវិកាសរុបចំនួន ១១៥,២០០,០០០រៀល។ គោលរបបឧបត្ថម្ភខាងលើនេះ ទោះសម្រាលមកស្លាប់ក៏ទទួលបានដែរ៕