(ពោធិ៍សាត់)៖ ព្រះវិហារថ្មី ក្នុងវត្តបឹងខ្នារ ស្ថិតភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ដែលទើបកសាងរួច ទៅតាមរចនាបថបុរាណខ្មែរ ប្រើប្រាស់ថវិកាសាងសង់ជិត៨០០លានរៀល ជាថវិការបស់សប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ខ្សែបូ និងកាត់ឫសសីមាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ពីធីឆ្លងព្រះវិហារថ្មីនេះ ធ្វើឡើងនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរចំពោះសប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីកសាងសមិទ្ធផលនេះឡើង។ ជាមួយគ្នានោះ ប្រជាពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាឲ្យបានគង់វង់យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗ បានប្រើប្រាស់ជាសម្បត្តិរួម។
លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែមានឧត្តមគតិគិតគូរចំពោះព្រះពុទ្ធសាសនានៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា។ ក្នុងសតវត្សទី២១នេះ សម្តេចបានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម ចាប់ពីបាតដៃទទេរ និងចាប់លេខសូន្យ មកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ នេះដោយសារការរួបរួមសាមគ្គីគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលខេត្តបានបញ្ជាក់ថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់៕