Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ លួងលោមក្មេងស្រីសិស្សសាលា២នាក់ យកមករំលោភនៅផ្ទះសំណាក់ «ម៉េងលីន», ចុងក្រោយសងសំណងជាង១ម៉ឺនដុល្លារ ចង់បញ្ចប់រឿង

04-01-2018 11:49

(រតនគិរី)៖ លោក មាស សោភ័ណ្ឌ មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានលួងលោមក្មេងស្រីជាសិស្សសាលា២នាក់ មករំលោភនៅផ្ទះសំណាក់ «ម៉េងលីន» ក្រុងបានលុង សងសំណង១ម៉ឺន២ពាន់ដុល្លារ ប្រុងបញ្ចប់រឿង ពោលគឺរួចពីសំណាញ់ច្បាប់។

អាណាព្យាបាលក្មេងរងគ្រោះ លោក សេវ តាំ និងប្រពន្ធឈ្មោះ ហួយ ព្យូ ប្រាប់ឲ្យដឹងថា កូនគាត់ឈ្មោះ ល.វ.ន អាយុ១៣ឆ្នាំ និងក្មេងស្រី អ្នកជិតខាងម្នាក់ទៀតឈ្មោះ ព.ល.ម អាយុ១២ឆ្នាំ (ជនជាតិចារ៉ាយ)។

អាណាព្យាបាលខាងលើ បានប្រាប់បន្តថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ក្មេងស្រីទាំង២ បាត់ពីផ្ទះ ហើយមានការឆោរឡោដើររក ក្នុងភូមិតែរកមិនឃើញ លុះដល់ម៉ោងប្រមាណ១០យប់ ថ្ងៃដដែលទើបរកឃើញ ពួកគេទាំង២នៅចំណុចភូមិប៉ក់តូច ដែលមានចំងាយ២គីឡូម៉ែត្រ ពីផ្ទះគាត់ រួចបានធ្វើការសួរនាំពីដំណើររឿង ស្រាប់តែធ្លាយរឿង មន្ត្រីនគរបាលរូបនោះ លួងលោមថា នាំមកទិញខ្សែក និងទូរស័ព្ទឲ្យនៅផ្សារបានលុង ព្រោះក្មេងស្រីនេះ ចេញចូលផ្ទះមន្ត្រីនគរបាលព្រឹក ល្ងាច ជួយលាងចាន, ជួយមើលកូនក្មេងគ្រាន់បានលុយបន្តិចបន្តួចរៀនសូត្រ តែធាតុពិតចូលផ្ទះសណាក់ «ម៉េងលីន» រំលោភម្នាក់ម្តងទៅវិញ។ បន្ទាប់មកអាណាព្យាបាល បានទៅដាក់ពាក្យបណ្តឹងទៅមេភូមិ, មេឃុំ និងប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ប៉ុន្តែសមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសនោះទេ។

អាណាព្យាបាលក្មេងស្រីរងគ្រោះ បញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់មកក៏លេចមុខប្រពន្ធមន្ត្រីនគរបាលឈ្មោះ មាស សោភ័ណ្ឌ រួមនិងមេប៉ុស្តិ៍ ឃុំប៉ក់ញ៉ៃ, លោក ងយ ដន អធិការរងស្រុក អូរយ៉ាដាវ សុំសម្របសម្រួលសងលុយ ក្នុងម្នាក់៦ពាន់ដុល្លារ ដូច្នេះ២នាក់ គឺ១ម៉ឺន២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។

ទាក់ទិនទៅនឹងករណីខាងលើនេះ លោកស្រី កែវ ដាវី ស្នងការរងទទួលបន្ទុកផ្នែកជួញដូរ និងការពារអនិតិជន (យេនឌ័រ) ប្រាប់អ្នកកាសែតថា ទោះជាមានការសម្របសម្រួលគ្នា យ៉ាងណាក៏ដោយ ជនប្រព្រឹត្តខុសច្បាប់ទៅលើក្មេងស្រី (អនីតិជន) ត្រូវតែមានទោស ហើយលោកស្រី នឹងស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប៉ុន្តែកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លោកស្រីបានប្រាប់អ្នកកាសែតតាមទូរស័ព្ទថា ករណីសំណុំរឿងខាងលើ បញ្ជូនទៅតុលាការហើយ គឺផុតពីដៃគាត់។ ទោះបីយ៉ាងនេះក្តី លោកស្រីស្នងការរងបញ្ជាក់ថា តាមការស្រាវជ្រាវ គឺជាការភ័ណ្ឌច្រឡំ មិនពិតដូចការចោទប្រកាន់ទេ គ្រាន់តែអាណាព្យាបាលបាត់កូនស្រី ហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។

មជ្ឈដ្ឋានពលរដ្ឋ និងមន្ត្រីរាជការ ដែលដឹងរឿងរ៉ាវខាងលើនេះ មានចម្ងល់ថា បើរឿងមិនពិតហេតុអី សម្របសម្រួលសងលុយ១ម៉ឺន២ពាន់ដុល្លារ ឲ្យអាណាព្យាបាលក្មេងស្រីនោះ។ ម៉្យាងទៀត មិនពិបាកនោះទេ សមត្ថកិច្ចទៅឆែកកាម៉ារ៉ានៅសំណាក់ «ម៉េងលីន» ពិតជាដឹងពិតប្រាកដ។

ទាក់ទិនទៅនឹងសំណុំរឿងខាងលើនេះដែរ អង្គភាព Fresh News មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះបានទេ៕