(បាត់ដំបង)៖ រថយន្ត២គ្រឿង បើកបរក្នុងល្បឿនលឿនច្រាស់ទិសគ្នា រេចង្កូតទៅបុកគ្នាបណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ភ្លាមៗ នាវេលាម៉ោង២១៖១៥នាទីយប់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតនៅចំណុចក្រុម២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ១លើក បានកើតឡើងនៅត្រង់ចំណុចក្រុម២ ភូមិស្វាយ ធំឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្ត និងរថយន្តធ្វើដំណើច្រាស់ទិសគ្នា ពេលមកដល់កន្លែងកើតហេតុរថយន្តម៉ាកលុចស៊ីសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2k-7737 បើកបរដោយឈ្មោះ ហួត វុទ្ធី (ហៅឡូញ) អាយុ៥៣ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីសពណ៌ខ្មៅ បានធ្វើដំណើពីទិសកើតមកលិចមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុករថយន្ត ម៉ាកហ៊ីយ៉ានដាយពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-3889 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើការវាស់វែង រួចជួយដឹកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំងង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីរង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ៕