(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈពិធីសំពះគ្រូ និងការតាំងពិព័រណ៌គ្រឿងអលង្ការខ្មែរបុរាណ រយៈពេល១ខែ ដោយតាំងបង្ហាញគ្រឿងអលង្ការ មាសសម្រាប់បំពាក់ព្រះបដិមាសម័យអង្គរ ដែលកម្ពុជាទើបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ បានធ្វើឲ្យវប្បធម៌កម្ពុជាកាន់តែល្បីរន្ទឺនៅឆាកអន្ដរជាតិ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ ក្នុងឱកាសប្រារព្ធពិធីសំពះគ្រូ និងការតាំងពិព័រណ៌គ្រឿងអលង្ការខ្មែរបុរាណជាច្រើនមុខ នៅសារមន្ទីរជាតិ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន បានថ្លែងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីក រាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីសំពះគ្រូ និងសម្ពោធពិព័រណ៍ពិសេសស្តីពី «គ្រឿងអលង្ការ និងគ្រឿងលំអខ្មែរសម័យបុរាណ៖ សមុច្ច័យវត្ថុពិចិត្រអំពីមាស និងប្រាក់នៃសារមន្ទីរជាតិកម្ពុជា» ដែលនឹងតាំងបង្ហាញរយៈពេលមួយខែ ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសារមន្ទីរជាតិកម្ពុជា។ ពិធីនេះធ្វើឡើងចំពេលដែលពិភពលោក ទើបតែឈានចូលឆ្នាំថ្មីសកល២០១៨ ដែលនឹងនាំមកនូវសុខសន្តិភាព និងសុភមង្គលជូនប្រជាជនកម្ពុជា និងប្រជាជនពិភពលោកផងដែរ។
លោកស្រីបានបញ្ជាក់ថា «យើងបានដឹងហើយថា ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានរៀបចំព្រឹត្តិការណ៍សង្គម វប្បធម៌ សាសនា និងសិល្បៈជាបន្តបន្ទាប់ ដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានប្រារព្ធដោយទៀង ទាត់តាំងពីឆ្នាំ២០១៣មកដល់ បច្ចុប្បន្ន ពិធីបួងសួងចំរើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ការប្រារព្ធខួបទី២៥ នៃ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជា ពិធីបុណ្យសមុទ្រ ដែលទើបតែបានប្រព្រឹត្តិទៅនៅខេត្តកែបនាពេលថ្មីៗនេះ។ ការរៀបចំព្រឹត្តិការណ៍ធំៗថ្នាក់ជាតិទាំងនេះ ធ្វើឡើងដើម្បីបង្ហាញដល់ពិភពលោកថា កម្ពុជាកំពុងតែមានសុខសន្តិភាព សុវត្តិភាព និងរីកចម្រើន ក៏ដូចជា ផ្តល់ឱកាស ជូនជនរួមជាតិ បានចូលរួមសប្បាយរីករាយ ដើម្បីលើកតម្លៃបេតិកភណ្ឌជាតិ និងផ្តល់ព័ត៌មាន និងចំណេះដឹងថ្មីៗជាបន្ថែម ក៏ដូចជា ចូលរួមចំណែកទាក់ទាញទេសចរចូលមកទស្សនាកម្ពុជា»។
ថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកិច្ចពិធីដ៏វិសេសវិសាលមួយទៀត នាថ្ងៃនេះពោល គឺជាកិច្ចសំពះគ្រូ ដើម្បីរំឮកគុណដល់គ្រូបាធ្យាយ ដែលបានបណ្តុះបណ្តាល សិប្បករ សិល្បករគ្រប់ជំនាន់។ ពិធីនេះពិតជាមានអត្ថន័យធំធេងមិនត្រឹមតែសម្រាប់សិល្បករកម្ពុជា ប៉ុណ្ណោះទេ តែក៏ដូចជា សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ ព្រោះខ្មែរ យើងបានចាត់ទុកគ្រូបាធ្យាយ ប្រៀបដូចម្តាយឪពុក ដែលអប់រំ ប្រៀនប្រដៅ តម្រែតម្រង់ទិសយើងគ្រប់ៗរូប ឱ្យធ្វើអំពើល្អ ខិតខំតស៊ូ រៀនសូត្រ ដើម្បីអនាគតថ្កើងថ្កាន។ ហេតុនេះហើយ បានជាយើងចាត់ទុកកិច្ចសំពះគ្រូនេះ អត្ថន័យធំធេងណាស់សម្រាប់ខ្មែរគ្រប់រូប។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ក្រោមម្លប់សន្ដិភាព ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន៖ បដិមាថ្ម, គ្រឿងអលង្ការសំរឹទ្ធ, ឆ្អឹងសពបុរាណ, ព្រះពុទ្ធបដិមា, សិលាស្លឹករឹត និងវត្ថុតូចធំមួយចំនួនទៀត ដែលបានប្រគល់ស្ម័គ្រចិត្ត ពីសំណាក់ប្រទេសផ្សេងៗ រួមមាន៖ បារាំង, អាមេរិក, អូស្ដ្រាលី, ថៃ, ស្វីស, ហូឡង់ដ៍ និងជប៉ុន។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «ពិព័រណ៍នេះ បានបង្ហាញឲ្យឃើញនូវវត្ថុពិចិត្រៗ ជាគ្រឿងអលង្ការ និងគ្រឿងលំអ ធ្វើពីមាស និងប្រាក់ដែលជាស្នាដៃសិល្បៈខ្មែរ បុរាណដ៏វិចិត្រ និងគំនិតឆ្នៃប្រឌិតនៃគ្រូ និងសិល្បករខ្មែរពីជំនាន់មួយទៅជំនាន់មួយ។ ខ្ញុំជឿជាក់ថាឯកឧត្ដម អស់ លោក លោកស្រី នាងកញ្ញា ក្មួយៗសិស្ស និស្សិត ប្រជាពលរដ្ឋ នឹងរីករាយ និងទទួលបានចំណេះដឹង បន្ថែមពីពិព័រណ៍នេះ។ ពិព័រណ៍នេះក៏តាំងបង្ហាញ គ្រឿងអលង្ការមាស សម្រាប់បំពាក់ ព្រះបដិមាសម័យអង្គរ ដែលព្រះរាជាណាចក្រកម្ពុជាទើបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ»។
ពិព័រណ៌នេះ គឺមានគោលបំណងដ៏ធំមួយដែលក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ សហការជាមួយ ស.ស.យ.ក មានមោទនភាពបានវត្ថុ ដែលមានតម្លៃមិនអាចកាត់ផ្លៃ របស់ខ្មែរ ពីបរទេស មកដាក់តាំង ឲ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា នៅពេលនេះ ដូចជា គ្រឿងអលង្ការដ៏កម្រ និងប្រណិតធ្វើអំពីមាស ដែលដូនតាខ្មែរ បានរចនាដើម្បីពាក់លំអដល់ព្រះបដិមាព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
វត្ថុបុរាណទាំងនេះពិតជាគូសបញ្ជាក់ពីអរី យធម៌ដ៏រុងរឿង និងយូរអង្វែងរបស់កម្ពុជា ដែលធ្លាប់ជាអតីតអធិរាជាណាចក្រមួយនៅអាស៊ី។ គ្រឿង អលង្ការ មាស សម្រាប់លម្អលើរូបចម្លាក់ នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ សរុបរួមមាន១០មុខ ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដ៏វិសេសវិសាល និងពុំ អាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ ដែលស្ថិតនៅទូទាំងពិភពលោកហើយ ត្រូវបាននិវត្តន៍ត្រឡប់មកកាន់មាតុភូមិ វិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើង បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌ ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីកនរសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «នេះជាលើកទី១ហើយ ដែលកម្ពុជាមានមោទនភាពទទួលវត្ថុដែលមានតម្លៃមិនអាចកាត់ផ្លៃបានពីបរទេស ហើយបានមកដាក់តាំងបង្ហាញឲ្យបងប្អូន ប្រជាពលរដ្ឋកម្ពុជាបានយល់ដឹង និងស្វែងយល់កាន់តែច្បាស់ ពីតម្លៃវប្បធម៏របស់ខ្មែរនាសម័យបុរាណ»។
លោកស្រីក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមមេត្តាចូលរួមថែរក្សា និងការពារវត្ថុបុរាណដ៏មានតម្លៃដែលតាំងនៅទីនេះ ក៏ដូចជា វត្ថុបុរាណជាតិ ទាំងអស់ឱ្យបានគង់វង្ស ព្រោះវត្ថុទាំងនេះ សុទ្ធតែមានប្រវត្តិដ៏យូរលង់ និងមានបារមីសក្តិសិទ្ធជួយប្រោះព្រំព្រះរាជាណាចក្រកម្ពុជាយើង ឱ្យបានសុខក្សេមក្សាន្ត ត្រជាក់ត្រជុំ និងមានការអភិវឌន្ឍន៍តរៀងទៅ៕