(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំស្នងការនគរបាលខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ស្នងការ ស្នងការរងគរបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងសមាគមជនជាតិវៀតណាម ក្នុងខេត្តបាត់ដំបងផងដែរ។
លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ បានថ្លែងថា ការលុបចោល និងដកហូតរាល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់ គឺជាគោលនយោបាយ ថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងលុបបំបាត់ ពាក្យចចាមអារ៉ាម ដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍ រស់នៅដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ បានបន្តថា ដើម្បីឲ្យការអនុវត្តការងារមានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលបានបង្កើត នូវក្រុមការងារ អន្តរក្រសួង ដែលមានការចូលរួម ចំនួន៤ក្រសួង គឺទី១៖ ក្រសួងការបរទេស, ទី២៖ ក្រសួងយុត្តិធម៌, ទី៣៖ ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងទី៤៖ ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាអ្នកដឹកនាំ មានភារកិច្ច អនុវត្តន៍ចំនួន។ ការអនុវត្តការងារទាំងអស់នេះជាជម្រើសដ៏ល្អសម្រាប់ពួកជនអន្តោប្រវេសន៍ ដែលចង់រស់ នៅលើទឹកដីកម្ពុជា ក្នុងការផ្តល់នូវសិទ្ធិស្របច្បាប់ ដែលមានការទទួលស្គាល់ដោយនីតិរដ្ឋ ដែលបានផ្តល់នូវអត្ថប្រយោជន៍ ដល់ជនអន្តោប្រវេសន៍ នូវភាពងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក។
លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ បានបញ្ជាក់ថា នៅក្នុងប័ណ្ណមានឈីប ដែលបានបញ្ចូលនូវសមាជិកគ្រួសារ របស់ពួកគាត់កូនៗ របស់គាត់ មានសិទ្ធិរៀនសូត្របានខ្ពង់ខ្ពស់អាចទៅលេងប្រទេសខ្លួនដោយធ្វើការប្តូរនូវប័ណ្ណអន្តោប្រវេសន៍ជូនដល់ពួកគាត់ ជាពិសេសនោះ ក្រោយពីការចុះសញ្ជាតិរួចហើយ ពួកគាត់អាចរៀនអក្សរខ្មែរ និងឈ្វេងយល់ពីវប្បធម៌ប្រពៃណីខ្មែរបាន។
លោកក៏បានសំណូមពរដល់មន្រ្តីនគរបាល និងអាជ្ញាមូលដ្ឋាន ឲ្យជួយសហការគ្នាក្នុងការអនុវត្តច្បាប់ និងចំណាត់ការផ្សេងៗ ទាក់ទងនឹងជនបរទេស ដែលរស់នៅខុសច្បាប់ ឬកាន់កាប់ និងប្រើប្រាស់ឯកសារដោយខុសនីតិវិធី ឬផ្ទុយពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ។
លោក ម៉ៅ ធនិន បានកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងនូវតួនាទីភារកិច្ចរបស់ខ្លួន និងសុំឲ្យជំរុញបន្ថែមក្នុងការអនុវត្តនូវចំណាត់ការនេះ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានទូលំទូលាយជាពិសេសមន្រ្តីនគរបាលជំនាញ៕