(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងសាធារណៈ និងជាអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ និងក្រុមការងារអង្គភាពសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោកនាយចំណង់ ស៊ុ សុភ័ក្ត្រ ជំនួយការអង្គភាពសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៣៨ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា បច្ច័យមូលនិធិ ដែលត្រូវបានយកទៅនេះ មានចំនួនជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្តរបស់ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន៥លានរៀល គឺជាថវិកាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខបងប្អូនក្រោមឱវាទ របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារឲ្យបានល្អ បើទោះបីជាការបាត់បង់ លោកនាយចំណង់ ស៊ុ សុភ័ក្ត្រ ដែលជា ឪ បងដ៏ល្អ ប្អូនដ៏ល្អ កូនដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក្រុមគ្រួសារត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវដើម្បីអនាគតក្រុមគ្រួសារទាំងមូល៕