(ភ្នំពេញ)៖ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ ត្រូវដាក់ឲ្យដំណើរការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។
អគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ទាល់តែម្តង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា អគារព្យាបាលជំងឺថ្មីនេះ គឺជាអគារដ៏ល្អទំនើប ដែលបានសាងសង់លើផ្ទៃដីទំហំ ៥៥០ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមាណជា ៣លានដុល្លារអាមេរិក។ អគារនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលអគារថ្មីនេះនឹងប្រើសម្រាប់ពិគ្រោះលើជំងឺក្រៅមានដូចជា ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺប្រព័ន្ធប្រសាទជាដើម។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ១៩៥០ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៦០ ដោយដាក់ឈ្មោះថា មន្ទីរពេទ្យកម្ពុជា-សូវៀត។ សព្វថ្ងៃមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតគឺជាគ្រឹះស្ថានសាធារណរដ្ឋបាល និងជាមន្ទីរពេទ្យថ្នាក់ជាតិមានការផ្តល់សេវាចំនួន ២៦ផ្នែកឯកទេស គ្របដណ្ដប់គ្រប់ឯកទេសវេជ្ជសាស្ត្រទាំងអស់។
មន្ទីរពេទ្យនេះមានបុគ្គលិក មន្ត្រីរាជការកំពុងបម្រើការសរុប១,០០២នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យមហាបរិញ្ញាចំនួន ៣៣នាក់ វេជ្ជបណ្ឌិតឯកទេស និងជំនាញ១០១នាក់ វេជ្ជបណ្ឌិតទូទៅចំនួន១០៣នាក់ ទន្តបណ្ឌិតចំនួន១២នាក់ ឱសថការីចំនួន ១៩នាក់ ឆ្មបចំនួន៦១នាក់ គិលានុបដ្ឋាក-យិកាចំនួន៣០៧នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៣១នាក់ និងបុគ្គលិកផ្សេងៗទៀតចំនួន៣៣៥នាក់។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា នៅឆ្នាំ២០១៧ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅសរុប ៣០៤.៥៦៧នាក់ និងសម្រាកព្យាបាលមានចំនួន ៣៤,៧៨៤នាក់។ ក្នុងនោះមន្ទីរពេទ្យបានទទួលពិគ្រោះជំងឺក្រៅជូនកម្មករ កម្មការិនីដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គមក្នុងឆ្នាំ២០១៧ ចំនួន ៣០,៨៤០នាក់ និងសម្រាកព្យាបាលចំនួន ១១,៧៣១នាក់ និងប្រជាជនដែលទទួលបានមូលនិធិសមធម៌ពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ មានចំនួន ៣,៧០៣នាក់៕