(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបង្កើតមូលនិធិជួយអ្នកធាក់ស៊ីក្លូ ជាមួយការទំនុកបម្រុងផ្នែកសុខាភិបាលដល់អ្នកធាក់ស៊ីក្លូ នាព្រឹកថ្ងៃទី០៣ ខែមករានេះរួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនេះ ដោយសារស៊ីក្លូក៏បានចូលរួមចំណែកទាញទាក់ និងបម្រើសេវាកម្មជូនភ្ញៀវទេសចរផងដែរ ពិសេសទេសចរអន្តរជាតិ លើសពីនោះគឺរក្សាបាននូវបរិស្ថានដ៍ល្អ។ មធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថានមួយនេះ គឺជាសូចនាករមួយបង្ហាញពីទីក្រុងស្អាត និងបរិស្ថានល្អសម្រាប់ភ្ញៀវទេសចរ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា មុខរបរធាក់ស៊ីក្លូ ជាមុខរបរមួយដែលមិនប៉ះពាល់ដល់បរិស្ថាន ពីព្រោះស៊ីក្លូមិនបញ្ចេញផ្សែងដូចយានយន្តដទៃ ដែលនាំទៅដល់ការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរផងដែរ។
ម្យ៉ាងទៀត ស៊ីក្លូជាមធ្យោបាយធ្វើដំណើរមួយដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ពីព្រោះយានជំនិះប្រភេទនេះត្រូវបានបង្កើតឡើង និងប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ តាំងពីសម័យដែលប្រជាជាតិកម្ពុជាស្គាល់នូវភាពរុងរឿងសុខសាន្ត នោះគឺសម័យសង្គមរាស្ត្រនិយមដ៏ល្បីល្បាញ ក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ប៉ុន្តែជាមហាអកុសល ជីវិតរបស់ស៊ីក្លូ ក៏មិនខុសពីជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដែរ គឺត្រូវរងនូវទុក្ខសោកវេទនាវាយោគខ្មៅងងឹត រងនូវការជិះជាន់ បំផ្លិចបំផ្លាញ កាប់សម្លាប់ក្នុងសម័យសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម ដោយបានបំផ្លិចបំផ្លាញរាល់សមិទ្ធផលតូចធំនានា ដែលធ្លាប់មាននៅក្នុងសង្គមកម្ពុជាដ៏ស៊ីវិល័យ កាលពីជំនាន់សម្ដេចឪ សម្ដេចតា រួមទាំងស៊ីក្លូនេះផងដែរ។
លុះដល់ឆ្នាំ១៩៧៩ ដោយមានចលនារំដោះជាតិកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទើបប្រជាពលរដ្ឋកម្ពុជាបានរួចផុតពីចង្កូមមច្ចុរាជ របស់ពួកទមិឡប្រល័យពូជសាសន៍ មានឱកាសបន្តជីវិតរស់នៅរហូតដល់សព្វថ្ងៃ ជាមួយនឹងសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងឱកាសការងារដ៏សម្បូរបែប ក្នុងនោះគេក៏ឃើញមានវត្តមានរបស់ស៊ីក្លូវជាថ្មីឡើងវិញ នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា បច្ចុប្បន្ន ស៊ីក្លូបានចូលរួមចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលចូលចិត្ត និងចង់ឃើញ ចង់ជិះយានជំនិះប្រភេទនេះនៅកម្ពុជា ចំណែកឯប្រជាពលរដ្ឋកម្ពុជាមួយចំនួន ក៏នៅនិយមជិះស៊ីក្លូទៅផ្សារ ឬទៅកន្លែងផ្សេងៗនៅឡើយដែរ ព្រោះស៊ីក្លូបានកាត់បន្ថយផលប៉ះពាល់បរិស្ថាន មានសុវត្ថិភាព (យឺតៗ) ចំណាយប្រាក់តិចជាដើម។
ដោយឈ្វែងយល់ឃើញ និងការគិតគូតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការជួយអភិរក្ស ថែរក្សាអត្តសញ្ញាណយ៉ាងដូច្នេះ ទើបសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូខ្មែរ ជាមួយនឹងថវិកាចូលរួមក្នុងមូលនិធិនេះដំបូងចំនួន ១០០លានរៀង និងឧបត្ថម្ភប្រចាំខែចំនួន ១០លានរៀលផ្សេងទៀត។
ឃើញនូវការយកចិត្តទុកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន យ៉ាងនេះហើយ និងដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍ផងនោះ ទើបលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងប្ដេជ្ញាចូលរួមលើកស្ទួយស៊ីក្លូខ្មែរ បង្ហាញឲ្យដល់បរទេសកាន់តែស្គាល់ច្រើនឡើង។
សូមជម្រាបថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអ្នកធាត់ស៊ីក្លូប្រមាណជាង ២០០នាក់ ដែលនៅបន្តមុខរបរចិញ្ចឹមជីវិតធាក់ស៊ីក្លូនេះ ក្នុងនោះគេក៏សង្កេតឃើញមានក្រុមភ្ញៀវទេសចរបរទេស បានជួលអ្នកធាក់ស៊ីក្លូជិះដើរកម្សាន្តក្នុងរាជធានីភ្នំពេញផងដែរ មិនតែប៉ុណ្ណោះ ក៏មានចលនាយុវជនកម្ពុជាមួយចំនួន ប្រើប្រាស់ស៊ីក្លូជាមធ្យោបាយក្នុងការផ្សព្វផ្សាយ យុទ្ធនាការរបស់ពួកគេទៀតផង៕