(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេស ចំនួន១១លើក។ អំឡុងពេលទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន តែងបានជួបប្រជាពលរដ្ឋខ្មែរ វិនិយោគិន នៅតាមប្រទេសទាំងនោះ ដើម្បីសំណេះសំណាលផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគមកកាន់កម្ពុជាជាដើម។
អំឡុងឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមប្រជុំ និងបំពេញទស្សនកិច្ចនៅក្រៅប្រទេសដូចតទៅ៖
១៖ ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧
២៖ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមប្រធានបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
៣៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។
៤៖ ថ្ងៃទី០៦ ដល់ ០៩ ខែសីហា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន។
៥៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីជួបចរចារពីបញ្ហាព្រំដែន។
៦៖ ថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
៧៖ ថ្ងៃទី០៥ ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បតិ្តរបស់ ព្រះករុណា ព្រះចៅស៊ុលតង់ នៅប្រទេសប្រ៊ុយណេ ។
៨៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទភូមិបុល អាឌុលយ៉ាតេជ នៅប្រទេសថៃ ។
៩៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងអាស៊ាន នៅប្រទេសវៀតណាម ។
១០៖ ថ្ងៃទី ១២-១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីនៅប្រទេសហ្វីលីពីន និងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅតំបន់ក្លាក។
១១៖ ថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាង គណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោក៕