(ភ្នំពេញ)៖ របរធាក់ស៊ីក្លូដែលមានតាំងពីសម័យរាស្រ្តនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កំពុងតែប្រឈមនឹងការបាត់បង់ក្នុងសម័យបច្ចុប្បន្ន ដោយសារតែការគាំទ្របានធ្លាក់ចុះ និងភាពសម្បូរបែបនៃមធ្យោបាយនៃការដឹកអ្នកដំណើរ។ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលបានប្រកបនេះមិនតិចជាង២០ឆ្នាំនោះ បានបង្ហាញក្តីរីករាយជាខ្លាំងបន្ទាប់អាជីពរបស់ពួកគេទទួលបានការយកចិត្តទុកដាក់ និងជំរុញការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសអនុញ្ញាតឲ្យបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

បន្ថែមពីលើការជួយសម្រួលដល់សេវាគាំពារសុខភាពរបស់អ្នកស៊ីក្លូហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបង្កើតមូលនិធិមួយទៀតសម្រាប់ទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូនេះ។ មូលនិធិនេះសម្តេចនាយករដ្ឋមន្ត្រីប្រកាសដាក់ថវិកាផ្ទាល់របស់សម្តេចជំហានដំបូងប្រមាណ ១០០លានរៀល ហើយនឹងដាក់ប្រចាំខែប្រមាណ ១០លានរៀលបន្ថែមទៀត។ សម្តេចតេជោ ក៏បានប្រកាសអំពាវនាវឲ្យសាធារណជនចូលរួមផ្តល់ថវិកាសម្រាប់មូលនិធិផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះមិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកជួយអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។

ទាំងអ្នកធាក់ស៊ីក្លូ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបង្ហាញការគាំទ្រសម្រាប់ការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយខ្លាំង ហើយបានហៅចំណាត់ការទាំងអស់នេះ គឺជួយដល់ជីវភាពរបស់គាត់ផង ហើយក៏ជួយឲ្យស៊ីក្លូបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមពីលើនេះ បងប្អូនអ្នកធាក់ស៊ីក្លូ កំពុងជួបការលំបាកក្នុងស្នាក់អាស្រ័យពេលរាត្រី ដែលភាគច្រើនដេកតាមសំយ៉ាបផ្ទះគេនោះ ក៏ចង់បានអគារសម្រាប់ស្នាក់នៅពេលរាត្រីឲ្យបានសមរម្យផងដែរ។

សូមស្តាប់ការបង្ហាញចំណាប់អារម្មណ៍របស់បងប្អូនអ្នកធាក់ស៊ីក្លូ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន៖