(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភា លោក ឈាង វុន បានបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគ្រោងរៀបចំស្នើដោយ រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខនេះ នឹងមានដាក់បញ្ចូលផងដែរនូវចំណុចខ្លះដែលពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់ដល់ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីដាក់ទោសឱ្យធ្ងន់ធ្ងរ លើជនទាំងឡាយដែលបានប្រមាថព្រះជេស្តា។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអះអាងបែបនេះ នៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលពិភាក្សា លើសំណើអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសាធារណរដ្ឋឥណ្ឌា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។
លោក ឈាង វុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «តាមព័ត៌មានដែលយើងទទួលបាន គឺមានការស្នើសុំពីសម្តេចនាយករដ្ឋមន្រ្តី ដែលក្នុងនាមលោកជានាយករដ្ឋមន្រ្តី លោកមានសិទ្ធិក្នុងការស្នើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែជាមួយគ្នានេះ យើងដឹងហើយថា នៅក្នុងជួរ រាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានរួមគ្នាផ្តល់ជាយោបល់ ជួយសម្តេចនាយករដ្ឋមន្រ្តី ក្នុងការងារគណៈរដ្ឋមន្រ្តីនេះ ក៏មានគំនិតផងដែរថា នឹងស្នើសុំឱ្យមាន វិសោធនកម្មចំណុចខ្លះ ដែលពាក់ព័ន្ធនឹងព្រះមហាក្សត្រ»។
លោកបានបន្តទៀតថា «យើងឃើញហើយ កន្លងមកនេះ មានជនអគតិមួយចំនួន ជនទាំងនោះបានវាយប្រហារ ព្រះមហាក្សត្របានប្រើពាក្យសម្តី ត្រគោះបោះបោក ហើយការងារនេះ យើងជាមន្រ្តីសាធារណៈ យើងមិនអាចអត់ឱនឱ្យបានទេ អញ្ចឹងហើយការចុងផ្តើមរបស់ សម្តេចនាយករដ្ឋមន្រ្តី ក្នុងការស្នើធ្វើវិសោធនកម្មនេះគឺមានសារសំខាន់ណាស់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក្រុមការងារនេះដឹកនាំដោយ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយអនុប្រធាន៣រូប និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់មកពីក្រសួងនានា។
ក្រោយបង្កើតក្រុមការងារនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបការងារ របស់ ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហើបថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ផ្តោតសំខាន់លើ៣ចំណុច ដើម្បីឆ្លើយតបនឹងស្ថានភាព នៃការអភិវឌ្ឍសង្គមកម្ពុជា និងនយោបាយរបស់ពិភពលោក ក្នុងនោះរួមមាន ទី១៖ សមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២៖ ការគិតអគតិមកលើកម្ពុជា ឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួន ដែលកំពុងមានសង្រ្គាមហែកហួរ និង ទី៣៖ ការជ្រៀតជ្រែកគោលការណ៍ប្រឆំាងមកពីប្រទេសខាងក្រៅផងដែរ៕