(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ មកដល់ពេលនេះ សម្រេចបាន៨៥ភាគរយហើយ ក្នុងនោះគ្រឿងបង្គុំសំណង់ខាងក្រោម សម្រេចបាន១០០ភាគរយ គ្រឿងបង្គុំសំណង់ខាងលើ សម្រេចបាន៨៥ភាគរយ នៅសល់១៥ភាគរយទៀត ហើយគម្រោងនៃការដ្នាននេះ គ្រោងធ្វើហើយ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។
លោក សាំ ពិសិដ្ឋ បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខាងក្រុមហ៊ុនចិន បានប្រាប់ខ្ញុំថា ការសាងសង់គ្រោងបញ្ចប់នៅមុនចូលឆ្នាំខែ្មរ ខាងមុខនេះហើយ»។
លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ស្ពានអាកាសស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមរំឭកថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៤កន្លែង គឺស្ពានអាកាសក្បាលថ្នល់ (នៅអតីតរង្វង់មូលក្បាលថ្នល់), ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា (នៅស្តុបពេទ្យលោកសង្ឃ) និងស្ពានអាកាស៥មករា (នៅស្ដុបតិចណូ)៕