(ភ្នំពេញ)៖ គិតចាប់ពីម៉ោង០០៖០០នាទីចូលឆ្នាំ២០១៨ រហូតដល់ត្រឹមម៉ោង១៧៖០០នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ កម្ពុជាមានកម្មការិនីសម្រាលកូន ចំនួន២៨៨នាក់ និងទទួលបានថវិកាឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម (បសស) សរុបចំនួនជាង១១៥.២លានរៀល នេះបើយោងតាមការបញ្ជាក់ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា៖ «យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ លើការបើកផ្តល់សាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនបានទាន់ពេលវេលានោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានណែនាំដល់ថ្នាក់ដឹកនាំ ប.ស.ស គ្រប់ជាន់ថ្នាក់ឲ្យបង្កើតក្រុមការងារ រៀបចំយន្តការតាមដាន និងធ្វើរបាយការណ៍ជាប្រចាំជូនលោក»។
លោក ហេង សួរ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា «គិតចាប់ពីម៉ោង០០ ថ្ងៃទី០១ ខែមករា ដល់ម៉ោង១៧ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជាជីវៈ បានទទួលបញ្ជីទារកសរុបចំនួន ២៨៨នាក់ និងបានបើផ្តល់ថវិកាសរុបចំនួន ១១៥.២លានរៀល ក្នុងនោះ ថ្ងៃទី០១ ខែមករា ចំនួន ២៨នាក់ បើកផ្តល់ថវិកាអស់ ១១.២លានរៀល ថ្ងៃទី២ ខែមករា ចំនួន ១១២នាក់ បើកផ្តល់ថវិកាអស់ ៤៤.៨លានរៀល និងថ្ងៃទី៣ ខែមករា ចំនួន ១៤៨នាក់ បើកផ្តលថវិកាអស់ ៥៩.២លានរៀល»។
ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនីឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕