(សៀមរាប)៖ គ្រាប់ពូជឈើព្រៃលិចទឹកចំនួន១៥,០០០គីឡូក្រាម ត្រូវបានសហគមន៍ឃុំកំពង់ភ្លុក សហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ យកទៅសាបព្រួសលើផ្ទៃដីជាង១ម៉ឺនហិកតា នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលសកម្មភាពនេះត្រូវបានធ្វើឡើងនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។
តំណាងសហគមន៍ឃុំកំពង់ភ្លុក បានឲ្យដឹងថា គ្រាប់ពូជដែលបានសាបព្រួសនៅថ្ងៃនេះ មានគ្រាប់ពូជឈើផ្ទោល គ្រាប់រាំងទឹក គ្រាប់ច្រកែង ដែលក្នុងប្រជាសហគមន៍មួយគ្រួសារៗ រើសគ្រាប់ពូជ បាន២គីឡូក្រាម មកចូលរួមព្រួសលើផ្ទៃដីជាង១៥ហិកតា ដែលមានគ្រាប់ពូជ ១,៥០០គីឡូក្រាម ហើយអាចដុះជាកូនឈើបានប្រមាណជាង១ម៉ឺនដើម ខណៈបច្ចុប្បន្នសហគមន៍មានផ្ទៃដីសរុបចំនួន ១២,៣២៩ហិកតា ក្នុងនោះដីលំនៅឋានជាង ១២ហិកតាហើយ។
លោក ម៉ក់ សុភ អភិបាលស្រុកប្រាសាទបាគង បានបង្ហាញការគាំទ្រចំពោះសហគមន៍ឃុំកំពង់ភ្លុក ដែលបានរួបរួមគ្នាក្នុងការការពារ ថែរក្សា អភិរក្ស និងស្ដារព្រៃលិចទឹកឡើងវិញ ហើយប្រជា សហគមន៍នេះ គឺពឹងផ្អែកស្ទើរទាំងស្រុងលើរបរនេសាទ និងបច្ចុប្បន្នវិស័យទេសចរណ៍បែបធម្មជាតិ និងសហគមន៍ដ៏មានសក្តានុពល និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាតំបន់នេះ ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគី ដែលជាប់ពាក់ព័ន្ធ ក្នុងការការពារ ថែរក្សា និងអភិរក្ស ទាំងបរិស្ថាន ធនធានធម្មជាតិ ព្រៃលិចទឹក និងមច្ឆាជាតិ សម្រាប់ការលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ទាំងមូល។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា លោកនឹងបន្តគាំទ្រ និងពង្រឹងសមត្ថភាពសហគមន៍កំពង់ភ្លុក ឲ្យក្លាយជាសហគមន៍ទេសចរណ៍ ដែលមានសមត្ថភាព និងពង្រីកសក្ដានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់បឹងទន្លេសាប នៃសហគមន៍ឃុំកំពង់ភ្លុកនេះឲ្យបានកាន់តែច្រើនបន្ថែមទៀត។
សូមជម្រាបថា បច្ចុប្បន្ននេះ នៅសហគមន៍ឃុំនេះ មានប្រជាសហគមន៍សរុប ៨៦៤គ្រួសារ សរុប ៣,៦៩៥នាក់ (ស្រី ១,៨៥៩នាក់) ក្នុងនោះមានទូកម៉ាស៊ីនសម្រាប់ដឹកភ្ញៀវទេសចរ សរុបចំនួន ៦៩៣គ្រឿង និងទូកតូចចែវដឹកភ្ញៀវទេសចរកម្សាន្ដតាមព្រៃលិចទឹក មានចំនួន ៨៦៤ទូក។
គណៈកម្មការសហគមន៍បានឲ្យដឹងថា នៅក្នុងរយៈពេល៤ថ្ងៃ នាអំឡុងពេលឆ្លងឆ្នាំ ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ មករា ឆ្នាំ២០១៨ ភ្ញៀវទេសចរមកជិះទូកកម្សាន្ដនៅតំបន់នេះ មានចំនួនជិត៨ពាន់នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣,៨១៩នាក់ និងភ្ញៀវជាតិប្រមាណជាង ៤,០០០នាក់៕