(ព្រះវិហារ)៖ ថ្លែងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល សួរសុខសុខទុក្ខមន្ត្រីនគរបាល នៃអធិការដ្នាននគរបាលស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ជំរុញឲ្យមន្ត្រីនគរបាល និងពលនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឈរជើងរបស់ខ្លួន ឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបន្តថា ឆ្លងតាមសភាពការណ៍ជាច្រើន ដែលបានឆ្លងកាត់កន្លងមកដូចជា បុណ្យជាតិ និងបុណ្យអន្តរជាតិ ក៏ដូចជា ព្រឹត្តិការណ៍ជាតិផ្សេងៗ យើងសង្កេតឃើញថា កងកម្លាំងនគរបាលខេត្ត-ក្រុង-ស្រុកយើង បានការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំសកលកន្លងទៅថ្មីនេះ គឺកម្លាំងនគរបាលយើង បានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកំសាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តបានយ៉ាងល្អ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានគូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងអ្វីដែលយើងធ្វើបានល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលយើង ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជា៖ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទដែលករណីនេះ គឺត្រូវបង្ក្រាបឲ្យបានកុំឲ្យកើតមានតាម មូលដ្ឋានស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការផ្តល់ព័ត៌មានស្តីពីភាពអសកម្មនានា ដែលកើតមាននៅក្នុងមូលដ្ឋាន ដល់សមត្ថកិច្ចឲ្យបានដឹងដើម្បី ឲ្យសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេលវេលា។ ចុងបញ្ចប់ស្នងការនគរបាល ខេត្តព្រះវិហារ បានប្រគល់ថវិការ និងសម្ភារៈមួយចំនួនដល់អធិការស្រុកសង្គមថ្មី និងបានចុះពិនិត្យទីតាំងសាងសង់ ប៉ុស្តិ៍រដ្ឋបាលឃុំរអាង ផងដែរ។