(ភ្នំពេញ)៖ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ នឹងត្រូវដាក់ឲ្យដំណើរការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ស្អែកនេះ។
អគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ទាល់តែម្តង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា អគារព្យាបាលជំងឺថ្មីនេះ គឺជាអគារដ៏ល្អទំនើប ដែលបានសាងសង់លើផ្ទៃដីទំហំ ៥៥០ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមាណជា ៣លានដុល្លារអាមេរិក។ អគារនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលអគារថ្មីនេះនឹងប្រើសម្រាប់ពិគ្រោះលើជំងឺក្រៅមានដូចជា ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺប្រព័ន្ធប្រសាទជាដើម។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ១៩៥០ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៦០ ដោយដាក់ឈ្មោះថា មន្ទីរពេទ្យកម្ពុជា-សូវៀត។ សព្វថ្ងៃមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតគឺជាគ្រឹះស្ថានសាធារណរដ្ឋបាល និងជាមន្ទីរពេទ្យថ្នាក់ជាតិមានការផ្តល់សេវាចំនួន ២៦ផ្នែកឯកទេស គ្របដណ្ដប់គ្រប់ឯកទេសវេជ្ជសាស្ត្រទាំងអស់។
មន្ទីរពេទ្យនេះមានបុគ្គលិក មន្ត្រីរាជការកំពុងបម្រើការសរុប១,០០២នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យមហាបរិញ្ញាចំនួន ៣៣នាក់ វេជ្ជបណ្ឌិតឯកទេស និងជំនាញ១០១នាក់ វេជ្ជបណ្ឌិតទូទៅចំនួន១០៣នាក់ ទន្តបណ្ឌិតចំនួន១២នាក់ ឱសថការីចំនួន ១៩នាក់ ឆ្មបចំនួន៦១នាក់ គិលានុបដ្ឋាក-យិកាចំនួន៣០៧នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៣១នាក់ និងបុគ្គលិកផ្សេងៗទៀតចំនួន៣៣៥នាក់។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា នៅឆ្នាំ២០១៧ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅសរុប ៣០៤.៥៦៧នាក់ និងសម្រាកព្យាបាលមានចំនួន ៣៤,៧៨៤នាក់។ ក្នុងនោះមន្ទីរពេទ្យបានទទួលពិគ្រោះជំងឺក្រៅជូនកម្មករ កម្មការិនីដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គមក្នុងឆ្នាំ២០១៧ ចំនួន ៣០,៨៤០នាក់ និងសម្រាកព្យាបាលចំនួន ១១,៧៣១នាក់ និងប្រជាជនដែលទទួលបានមូលនិធិសមធម៌ពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ មានចំនួន ៣,៧០៣នាក់៕