(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញពីដំណើរវិវឌ្ឍ នៃការងារជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ក្រោយគម្រោងនេះ បានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ រួចមក ដែលនឹងចំណាយពេល៤ឆ្នាំ ដើម្បីសម្រេចកិច្ចការមួយនេះ។

មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការងារនេះជាគម្រោងសហការជំហានទី២ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១ នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង១០០ម៉ែត្រ បញ្ចប់រួចរាល់ជាស្ថាពរ (១៩៩៦-២០០៧)។

ដោយឡែក គម្រោងជួសជុលដំណាក់កាលទី២នេះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ចំណែកអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកទាំងថវិកា និងកម្លាំងពលកម្ម ដោយក្នុងនោះ អ្នកជំនាញខ្មែរចំនួន ៤នាក់ ដែលជាស្ថាបត្យករ បុរាណវិទូ និងពលករជំនាញចំនួន ៥៤នាក់ កំពុងធ្វើការរួមគ្នាជាមួយអ្នកបច្ចេកទេសជប៉ុន មកពីសាកលវិទ្យាល័យសូហ្វីយ៉ា។

លោក អន សុភាព មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលទទួលបន្ទុកលើការគ្រប់គ្រងរួម និងសម្របសម្រួលទូទៅក្នុងគម្រោង បានបង្ហាញនូវដំណើរវិវឌ្ឍនៃការជួសជុលនេះថា កិច្ចការបឋមៗដែលក្រុមការងារបាន និងកំពុងអនុវត្តសព្វថ្ងៃ គឺការសិក្សា និងប្រមូលទិន្នន័យទាំងឡាយ ដែលជាប្រយោជន៍សម្រាប់ឯកសារបច្ចេកទេសនៃការជួសជុល រួមមាន កិច្ចការសម្រង់ និងគូរប្លង់ ការវិនិច្ឆ័យ និងរកដំណោះស្រាយលើវិធីសាស្រ្តនៃការជួសជុល ការងារស្រាវជ្រាវតាមរយៈការបើករណ្តៅកំណាយ និងរៀបចំសង់ទំនប់ទប់ទឹកប្រវែង ១៣៣.៥ម៉ែត្រ តាមបណ្តោយជញ្ជាំងខាងជើងនៃស្ពានហាល។

បំណង និងទស្សនរួមផ្នែកបច្ចេកទេសជួសជុលរចនាសម្ព័ន្ធស្ពានហាលនេះ គឺរក្សាទម្រង់ដើមរបស់សំណង់ រួមទាំងរក្សាប្រវត្តិនៃការជួសជុល បច្ចេកទេស និងស្នាដៃស្ថាបត្យកម្ម។ ម្យ៉ាងទៀត រាល់ដំណើរការអនុវត្តកិច្ចការជួសជុលនីមួយៗ បានទទួលនូវអនុសាសន៍ណែនាំបន្ថែម ពីអ្នកជំនាញអាដហុក នៃគណៈកម្មាធិការ ICC-Angkor។ ហេតុនេះហើយ ដើម្បីឆ្លើយតបនឹងអនុសាសន៍ទាំងនោះ គម្រោងបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៥កន្លែង ដែលស្ថិតតាមបណ្តោយនៃកម្រាលស្ពានហាល ក្នុងបំណងសិក្សា និងប្រៀធៀបរចនាសម្ព័ន្ធខាងស្ថាបត្យកម្ម ស្វែងយល់ពីប្រវត្តិ និងវាយតម្លៃនូវកម្រិតនៃភាពខូចខាតរបស់ស្ពានហាលជាដើម។

លទ្ធផលដែលបានពីកំណាយស្រាវជ្រាវ បង្ហាញនូវភាពខុសគ្នាច្រើន ដូចជា ប្រវត្តិនៃការជួសជុលកែលម្អស្ពានហាល នៅក្រោយសម័យអង្គរ (ស.វ.ទី១៦-១៧) បច្ចេកទេសនៃការបង្ហាប់គ្រឹះ ភាពខ្សោយ និងភាពរឹងមាំនៃរចនាសម្ព័ន្ធជញ្ជាំង និងយល់ដឹងអំពីបច្ចេកទេសបុរាណ ដែលបានសង់ស្ពានហាល។

ក្រុមអ្នកជំនាញខ្មែរ និងអ្នកជំនាញជប៉ុន បានធ្វើការរួមគ្នាលើផ្នែកបច្ចេកទេស ក្នុងនោះ លទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវ គឺជាទិន្នន័យគោលដែលមានប្រយោជន៍ខ្លាំង សម្រាប់យកទៅវិភាគលម្អិត និងកំណត់នូវវិធីសាស្ត្រនៃការជួសជុលពង្រឹងរចនាសម្ព័ន្ធស្ពានហាល។ ចំពោះបច្ចេកទេសនៃការងារជួសជុល គណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំចុងក្រោយ កាលពីពាក់កណ្តាលខែធ្នូ កន្លងទៅនេះ បានកំណត់ឲ្យធ្វើការជួសជុលដោយមិនឲ្យរុះរើជញ្ជាំង ដើម្បីទុកជាស្លាកស្នាមប្រវត្តិសាស្ត្រ។

ឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកជំនាញការជាន់ខ្ពស់ជាច្រើនរួចមក គណៈកម្មាធិការនេះ សម្រេចឲ្យក្រុមការងារធ្វើការជួសជុលសាកល្បងទៅលើចំណុចលំបាកខ្លាំង ប្រវែង៤-៥ម៉ែត្រ ដោយប្រើបច្ចេកទេសមិនរុះរើជញ្ជាំង ដើម្បីដឹងថា តើអ្វីខ្លះជាភាពប្រឈមខ្លាំង និងបន្តរិះរកមធ្យោបាយបន្ថែមទៀតដើម្បីដោះស្រាយ ដូច្នេះ ក្រុមការងារនឹងអនុវត្តគម្រោងសាកល្បងនេះ ក្នុងរយៈពេលឆាប់ៗខាងមុខ៕