(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ បទល្មើសចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង បានថយចុះប្រមាណ៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ នេះបើតាម លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំត្រួតពិនិត្យលើការងារអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «មុនពេលដែល យើងអនុវត្តដំបូងឆ្នាំ២០១៦ យើងពិនិត្យថា គ្រោះថា្នក់ ដែលបណ្តាលមកពីជាតិស្រវឹង១១% ទៅ១២% ប៉ុន្តែឆ្នាំនេះថយទៅ ៩% អញ្ចឹងជាមោទនភាពប្រសើរដល់អ្នកបើកបរទាំងអស់គ្នា»។
ជាការកត់សម្គាល់របស់ លោក គៀត ច័ន្ទថារិទ្ធ ដែលមានតួនាទីជា អគ្គស្នងការរងនគរបាលជាតិនោះ ការថយចុះ នៃបទល្មើសចរាចរណ៍ ដែលបណ្តាលមកពីអ្នកស្រវឹងនេះ គឺដោយសារការរឹតបន្តឹងលើការអនុវត្តច្បាប់ អ្នកបើកបរបានយកចិត្តទុកដាក់ និងមានការសហការជាមួយមន្ត្រីនគរបាល ក្នុងការពង្រឹងវិស័យចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ បានកើតឡើងចំនួន ៣ ៥៣១លើក បណ្តាលឲ្យស្លាប់ចំនួន ១ ៧៨០នាក់ និងរបួស ៥ ៥៣៩នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុង១ថ្ងៃស្លាប់ ៤,៩នាក់ និងរបួស១៥,២នាក់។ មូលហេតុបង្កមកពី ការបើកហួសល្បឿនកំណត់៣៦% មិនគោរពសិទ្ធិ១៧% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១០% បត់១០% ស្រវឹង៩% កត្តាយាន្តយន្ត៣% និងងងុយ១%៕
លោក គៀត ច័ន្ទថារិទ្ធ បានបន្តថា បើប្រៀបធៀបនឹងឆ្នាំ ២០១៦ គ្រោះថ្នាក់ថយចុះចំនួន ១៦៩លើក ស្មើនឹង ៤,៦% ស្លាប់កើនចំនួន ៦៣នាក់ ស្មើ ៤% និងរបួសថយចំនួន ១ ០៦៨នាក់ ស្មើ ១៦%៕