(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ បានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្ត ភាគពាយ័ព្យមួយនេះ ធ្វើប័ណ្ណព្រំដែន កម្ពុជា-ថៃ គំរូថ្មី នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះតទៅ។
ការចេញប័ណ្ណព្រំដែនគំរូថ្មីនេះ ធ្វើបានសម្រាប់តែពលរដ្ឋទូទៅ ដែលមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងខេត្តបាត់ដំបង ដោយផ្អែកលើកិច្ចព្រមព្រៀងថ្មីចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ រវាងរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលថៃ ស្តីពីការឆ្លងកាត់ព្រំដែននៃភាគីទាំង២ ដើម្បីប្រើប្រាស់ប័ណ្ណព្រំដែននេះ ជាឯកសារផ្លូវការ សម្រាប់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ព្រំដែន អាចប្រើប្រាស់នៅពេល ចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែនចាស់ ដែលដាក់ឲ្យប្រើប្រាស់កន្លងមក គឺធ្វើដោយនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិដូង ដែលការធ្វើនេះមានរយៈពេលច្រើនឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ២០១៨នេះ គឺប័ណ្ណព្រំដែនគំរូថ្មី ត្រូវបានបង្វែរមកធ្វើដោយរដ្ឋបាលខេត្តបាត់ដំបងវិញ ទៅតាមលក្ខខណ្ឌ នៃក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនៃប្រទេសថៃ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានថ្លែងថា ប័ណ្ណព្រំដែនគំរូថ្មី ដែលនឹងធ្វើឡើងដោយរដ្ឋបាលខេត្តបាត់ដំបងនេះ ត្រូវបានប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា ការធ្វើប័ណ្ណព្រំដែន នឹងមានលក្ខណៈងាយស្រួលជាងការធ្វើប័ណ្ណព្រំដែន (Boder Pass) ដែលធ្វើដោយនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វាអន្តរជាតិដូង ហើយចំពោះតម្លៃប័ណ្ណព្រំដែនគំរូថ្មីនេះ គឺតាមការកំណត់ក្នុង១ក្បាល សម្រាប់ប្រជាពលរដ្ឋមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបងតម្លៃ២ម៉ឺនរៀលតែប៉ុណ្ណោះ ក្នុង១ក្បាល។
លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ការធ្វើប័ណ្ណព្រំដែន (Boder Pass) ជាដំបូងបានប្រកាសឲ្យប្រជាពលរដ្ឋអញ្ជើញ មកដាក់ពាក្យសុំប័ណ្ណនេះជាបណ្តោះអាសន្ន តាយរយៈយន្តការការិយាល័យ ច្រកចេញចូលតែ១របស់សាលាខេត្តសិន ហើយទីតាំងទទួលពាក្យនោះគឺបានខ្ចីកន្លែងការិយាល័យស្ថិតិ និងអាត្រានុកូលដ្ឋានធ្វើការងារនេះ និងថ្ងៃក្រោយមានការប្តូរទីតាំងរដ្ឋបាលខេត្ត នឹងជម្រាបជូនដំណឹងតាមក្រោយទៀត។
លោក សឿម ប៊ុនរិទ្ធ បានបន្តថា ប័ណ្ណព្រំដែន (Boder Pass) គំរូថ្មីនេះ សម្រាប់ពលរដ្ឋខេត្តបាត់ដំបង គឺអាចចេញចូលប្រទេសថៃចំនួន៣ខេត្ត គឺខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ ហើយអ្នកកាន់ប័ណ្ណនេះ បើចេញទៅប្រទេសថៃ តាមច្រកមួយណាពេលត្រឡប់វិញ ត្រូវចូលមកវិញតាមច្រកនោះវិញ បានន័យថា មិនអាចចូលតាមច្រកផ្សេងបានទេ។
បន្ថែមលើនេះទៀតនោះ គឺការធ្វើប័ណ្ណព្រំដែនសម្រាប់ឆ្លងទៅប្រទេសថៃ ឬថៃឆ្លងមកកម្ពុជា កន្លងមក មានភាពលំបាកណាស់ ដោយមានការកំណត់ឲ្យថតរូបធ្វើប័ណ្ណ ដើម្បីបិទភ្ជាប់ជាមួយ សៀវភៅប័ណ្ណព្រំដែន ដែលការធ្វើនេះត្រូវតម្រង់ជួររង់ចាំធ្វើប័ណ្ណនៅខាងភាគីថៃ បើមិនដូច្នោះ ខាងភាគីថៃ នឹងមិនអនុញ្ញាតឲ្យចូលនោះទេ តែឥឡូវមានភាពងាយស្រួលជាងមុន៕