(ភ្នំពេញ)៖ ជាការត្រៀមលក្ខណៈក្នុងការពារការជន់លិច ក្នុងរាជធានីភ្នំពេញដោយទឹកភ្លៀង នារដូវវស្សាខាងមុខនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លើកគម្រោងដាក់ឲ្យរដ្ឋបាល ខណ្ឌចំនួន៤ នៅកណ្តាលក្រុងត្រូវបើកយុទ្ធនាការស្តារលូ ក្នុងមូលដ្ឋានដែលមានប្រវែងសរុបជាង៤៦០គីឡូម៉ែត្រ និងស្តារប្រឡាយមួយចំនួន ហើយគ្រោងធ្វើឲ្យរួចរាល់មុនរដូវវស្សាឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញពាក់ព័ន្ធ និងអភិបាលខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌចំការមន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «យុទ្ធនាការស្តារលូ និងប្រឡាយ នឹងចាប់ផ្តើអនុវត្តនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ក្រោយពីរៀបចំពិធីទិវាបុណ្យជាតិជ័យជំនះ ៧មករារួចរាល់ ទៅលើគម្រោងភិវឌ្ឍន៍ប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ បញ្ហាទឹកដែលកន្លងមក មានការជន់លិចដោយជំនន់ទឹកភ្លៀង»។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារលូជាង៤៦០គីឡូម៉ែត្រនេះ ភាគច្រើនជាលូចាស់ មានការបាក់ដីស្រុតចូលលូ គួបផ្សំទៅនឹងការអភិវឌ្ឍន៍នៅតាមជាយក្រុង ដែលមិនបាន គិតគូរពីនិរន្តរភាព នៃចរន្តទឹកហូរ ធ្វើឲ្យមានការលុបប្រឡាយដោយអន្លើៗ បណ្តាលឲ្យស្ទះទឹកហូរមិនបានលឿន។
យុទ្ធនាការស្តារប្រព័ន្ធលូ អណ្តូងលូនេះលោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ គឺប្រគល់ភារកិច្ច ជូនទៅរដ្ឋបាលខណ្ឌទាំង៤ខាងលើ ដោយអនុវត្តតាមវិមជ្ឈកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកាឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលនោះទេ គឺនៅតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត។
ទាក់ទិនទៅនឹងការស្តារប្រព័ន្ធលូ អណ្តូងលូនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថា ចំពោះស្តារប្រព័ន្ធលូ អណ្តូងលូជាង៤៦០គីឡូម៉ែត្រនេះ សម្រាប់ខណ្ឌទាំង៤នេះ គឺសរុបមានចំនួន៦៤ខ្សែ ខណ្ឌដូនពេញមានប្រវែង២៤.៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨.០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨.៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០.៨១៤ម៉ែត្រ។
លោកបានបញ្ជាក់ថា ចំពោះការស្តារលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តារលូ គឺមានរថយន្តសម្រាប់បូមទឹកចំនួន៤គ្រឿង រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៧ខែឲ្យរួចរាល់ទូទាំង៤ខណ្ឌ។
យុទ្ធនាការនេះដែរ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បន្ថែមថា បញ្ហាដែលបានដោះស្រាយនោះ គឺស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេពិសេសក្នុងខណ្ឌចំនួន៤នៅកណ្តាលក្រុង និងបានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារប្រព័ន្ធលូ អណ្តូងលូនេះ ទាំងខ្នាតតូច និងធំ ដែលមានប្រវែង៤៦០គីឡូម៉ែត្រ ហើយគម្រោងនេះដោយប្រើរយៈពេល៧ខែ ដើម្បីអនុវត្តផែនការឲ្យបានរួចរាល់មុនរដូវវស្សាមកដល់៕