(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ លោក អ៊ី ឋាវរៈ តាមរយៈក្រឡាបញ្ជីរបស់លោក បានសម្រេចបង្គាប់ឲ្យស្ដ្រីឈ្មោះ ហំ សម្ផស្ស អាយុ២៩ឆ្នាំ សងសំណងជំងឺចិត្តចំនួន២០លានរៀល ទៅដើមបណ្ដឹងគឺលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធទៅនឹងបទល្មើស បរិហាកេរ្ដិ៍ជាសាធារណៈ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧កន្លងទៅ។
យោងតាមលិខិតឲ្យដំណឹងពីសាលក្រមកំបាំងមុខរបស់លោក នាង ស៊ីណៃ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ បានផ្ដន្ទាទោសជនជាប់ចោទ ហំ សម្ផស្ស ដោយពិន័យជាទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ និងសងជំងឺចិត្តដល់ដើមបណ្ដឹង រហូតដល់២០លានរៀល។
ជាមួយគ្នានេះ តាមលិខិតរបស់លោកក្រឡាបញ្ជី បានបញ្ជាក់ទៀតថា សាលក្រមនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំពោះមុខជនជាប់ចោទ ហំ សម្ផស្ស ហើយប្រកាសជាសាធារណៈកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
សូមបញ្ជាក់ថា ជម្លោះរឿងសាងសង់ផ្ទះរវាងលោកស្រី អ៊ុក ដារ៉ា និងគ្រួសារឈ្មោះ ចាំ សម្ផស្ស ដែលស្ថិតនៅតាមផ្លូវលេខ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៧មកនោះ បានបន្ដអូសបន្លាយរហូតមកដល់ពេលនេះ ដែលលោកស្រី អ៊ុក ដារ៉ា បានចោទទៅភាគីគ្រួសារ ហំ សម្ផស្ស ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជេរប្រមាថ។
ជម្លោះខាងលើនេះ នាំឲ្យលោកស្រី អ៊ុក ដារ៉ា បានដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់ តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់តុលាការ ហើយព្រះរាជអាជ្ញាក៏បានចេញដីកាកោះហៅ ខាងគ្រួសារ ហំ សម្ផស្ស ចូលទៅបំភ្លឺជាបន្ដបន្ទាប់ពាក់ព័ន្ធការជេរប្រមាថ តាមបណ្ដាញសង្គម Facebook និងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនាទៀតផង។
បើតាមលោកស្រី អ៊ុក ដារ៉ា គ្រួសារ ហំ សម្ផស្ស គឺអាងពូដែលជាមន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចាំជួយជានិច្ច ហេតុដូច្នេះហើយទើបពួកគេ នៅតែបន្ដទង្វើបែបនេះមកលើលោកស្រីដដែល។
សូមរម្លឹកថា កាលពីចុងខែមីនា ឆ្នាំ២០១៧ Account Facebook ឈ្មោះ Samphors zuzu បានបង្ហោះវីដេអូចោទប្រកាន់ជេរប្រមាថទៅលើលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធការជួសជុលផ្ទះដោយចោទថា លោកស្រី បានប្រើប្រាស់អំណាច និងធ្វើបាបប្រជាជន ប៉ុន្ដែលោកស្រីបានបដិសេធចោលទាំងស្រុង និងចាត់ទុកថា គឺជាមួលបង្កាច់ខុសពីការពិត ខណៈដែលលោកស្រីមានច្បាប់មានទម្លាប់ និងការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ដ្រីជំនាញត្រឹមត្រូវលើការជួសជុលផ្ទះរបស់ខ្លួន និងពុំបានរំលោភបំពានទៅលើផ្ទះរបស់ពួកគេនោះឡើយ៕