(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ទិន្នផលស្រូវកម្ពុជា នៅក្នុងឆ្នាំ២០១៧ នឹងសម្រេចបានប្រមាណ ១០.២៧លានតោន។
ការបញ្ជាក់យ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រីក្រសួងកសិកម្ម ដឹកនាំពិភាក្សា ក្នុងពិធីវេទិកាស្ដីពី «កសិកម្ម រុក្ខប្រមាញ់ និងនេសាទ» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងនេះ វិស័យកសិកម្មត្រូវបានវាយតម្លៃថា កំពុងវិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ផ្ទៃដីដាំដុះដំណាំស្រូវសម្រេច បានលើដីផ្ទៃ ៣លានហិកតា នៅឆ្នាំ២០១២ និងបានកើនដល់៣.០៩លាន ហិកតានៅឆ្នាំ២០១៦។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផលិតកម្មស្រូវបានកើនឡើងពី៩.២៩លានតោន នៅឆ្នាំ២០១២ ដល់៩.៨២លានតោន នៅឆ្នាំ២០១៦ ពោលគឺកើនឡើង៥.៦%។ យោងតាមការប៉ាន់ស្មានដំបូង ផលិតកម្មស្រូវនឹងអាចសម្រេចបានប្រមាណ ១០.២៧ លានតោននៅក្នុងឆ្នាំ២០១៧ (ចាប់ពីខែមករា ដល់ខែធ្នូ ខណៈទិន្នន័យផ្លូវការមិនទាន់បូកសរុបចប់សព្វគ្រប់) »។
លោកបន្ដថា ជាការកត់សម្គាល់មួយទៀតនោះគឺ ផ្នែកយន្ដូបនីយកម្មកសិកម្មពិត ជាបាននឹងកំពុងដើរតួសំខាន់ ព្រមទាំងបំពេញនូវកម្លាំងពលកម្មដែលខ្វះខាត ក្នុងវិស័យកសិកម្មនាពេល កន្លងមក ហើយតាមទិន្នន័យដែលបានធ្វើការវាយតម្លៃ គឺការប្រើប្រាស់គ្រឿងយន្ដកសិកម្ម មានកំណើនប្រមាណ៩៣% និងការប្រើប្រាស់កម្លាំងអូសទាញប្រមាណ៧%។
លោក វេង សាខុន បានលើកឡើងអំពី សន្ទុះនៃកំណើនផ្ទៃដីដាំដុះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម បានកើនឡើងជាលំដាប់ ក្នុងរយៈពេលកន្លងមកនេះ ពោលគឺបាន កើនពី០.៩១ លានហិកតានាឆ្នាំ២០១២ ដល់ជាង១លានហិកតានាឆ្នាំ២០១៦ ហើយបរិមាណផលបានកើនពី១០.៨៥លានតោននាឆ្នាំ២០១២ ដល់ ១៦.៧៧លានតោន នាឆ្នាំ២០១៦។
រដ្ឋមន្ដ្រីក្រសួងកសិកម្មរូបនេះ បានឲ្យដឹងទៀតថា ការនាំចេញផលិតផលកសិកម្ម សរុបមាននិន្នាការកើនឡើងជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលនៅឆ្នាំ២០១២ ការនាំចេញផលិតផលកសិកម្មសម្រេចបានចំនួន ៦៨០.៤៦ ពាន់តោន ហើយកើនដល់ ៤.៧លានតោន នៅឆ្នាំ២០១៦។
នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករ ទៅក្រៅប្រទេស បាន៦៣៥,៦៧៩តោន កើតឡើង១៧.៣០% បើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៥៤២,១៤៤តោនប៉ុណ្ណោះ៕