(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចជាអ្នកបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ដែលបន្សល់ទុកពីចាស់ជំនាន់មុន ហើយសម្ដេចមិនមែនជាអ្នកផ្ដើមឲ្យមានសង្គ្រាមនោះទេ។ (សូមទស្សនាវីដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច បន្ដអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង១៣,០០០នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបញ្ចប់សង្គ្រាមទាំងស្រុងទៅបាននៅក្នុងប្រទេសកម្ពុជា គឺដោយសារតែនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេល១៨ឆ្នាំនៃសង្គ្រាមដែលបានឆាបឆេះនៅកម្ពុជា ហើយដែលអ្នកជំនាន់មុនជាអ្នកបង្កើត តែក្មេងជំនាន់ក្រោយគឺជាអ្នកដែលត្រូវបញ្ចប់ មិនមែនខ្ញុំជាអ្នកទទួលខុសត្រូវទៅលើបញ្ហា ការកើតឡើងនូវសង្គ្រាមក្នុងប្រទេសកម្ពុជាទេ ក៏ប៉ុន្ដែខ្ញុំគឺជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហាការបញ្ចប់សង្គ្រាម ជាមួយនឹងមេដឹកនាំគណបក្សប្រជាជន ហើយដែលមានការគាំទ្រដ៏ទូលំទូលាយ ពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
បើតាមសម្ដេចនាយករដ្ឋមន្ដ្រី តាមរយៈនយោបាយឈ្នះឈ្នះនោះហើយ ដែលផ្ដល់ឱកាសបង្កើតការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ចំណុចនេះវានៅក្នុងទិដ្ឋភាពជារួមប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រ១០០ភាគរយ ឥលូវនេះកម្ពុជាស្ថិតនៅក្នុងភាពក្រីក្រម្ដុំ១០ភាគរយ ក្រោម១០ភាគរយបន្ដិច នេះបើយោងទៅតាមអត្រានៃភាពប៉ាន់ស្មាន់។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការប្រឹងប្រែងរបស់ជនរួមជាតិទាំងអស់ដើម្បីរំដោះជាតិ និងការបង្រួបបង្រួមជាតិ ហើយសម្ដេចបញ្ជាក់ថា អតីតកាលបានផ្តល់ជាមេរៀន ហើយអតីតកាលក៏បានផ្តល់ឲ្យអាយុជីវិតថ្មី និងភាពរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។
លើសពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យកម្មករ កម្មការិនី រួមគ្នាក្តាប់ឲ្យបាននូវឱកាសការងារនាពេលបច្ចុប្បន្ន តាមរយៈការរក្សាឲ្យបាននូវសុខសន្តិភាព ព្រោះការរីកចម្រើន ការអភិវឌ្ឍន៍ មិនបានកើតនៅក្នុងផ្ទៃនៃសង្គ្រាមនោះទេ ពោលគឺកើតតែនៅក្នុងផ្ទៃនៃសន្ដិភាព តែប៉ុណ្ណោះ៕