(ភ្នំពេញ)៖ ខ្សែភាពយន្តឯកសារដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយស្តីពីការដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងចាក់ផ្សាយព្រមៗគ្នាតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា នៅវេលាម៉ោង៧យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។
សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាងមួយម៉ោងដែលនឹងចាក់ផ្សាយនៅល្ងាចនេះ នឹងរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើតកាលពីឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងយុទ្ធមិត្តដែលនៅរស់រៀនមានជីវិត ព្រមទាំងថ្នាក់ដឹកនាំយោធា និងប្រជាពលរដ្ឋវៀតណាម ដែលសុទ្ធសឹងជាសាក្សីដ៏សំខាន់ក្នុងដំណាក់កាលនៃការតស៊ូកាលពីឆ្នាំ១៩៧៧ នឹងរៀបរាប់យ៉ាងលំអិតពីការសម្រេចចិត្តចេញទៅតស៊ូ និងដំណាក់កាលតស៊ូដ៏សែនលំបាកជាច្រើនទៀត រហូតឈានដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ខាងក្រោមគឺជាខ្សែវីដេអូពិព័ណ៌នាដោយសង្ខេមនៃខ្លឹមសារវីដេអូនៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃស្អែកនេះ។ សូមរង់ចាំទស្សនាទាំងអស់គ្នា ដើម្បីបានជ្រាបច្បាស់នូវប្រវត្តិសាស្រ្ត និងដំណាក់កាលតស៊ូដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរហូតរំដោះប្រទេសជាតិចេញផុតពីរបបដ៏ឃោរឃៅ៕