(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានបើកយុទ្ធនាការចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់នៅតាមលំនៅដ្ឋាន ស្រុកថ្មបាំង និងបានចុះចែកស្លាកសញ្ញា ដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីធ្វើការផ្សព្វផ្សាយបន្ត នឹងធ្វើការពន្យល់ពីការហួសការបរិច្ឆេទ ផលិតមិនត្រូវទិញយកទៅបរិភោគឡើយ។
ការបើកយុទ្ធនាការចុះត្រួតពិនិត្យ រាល់មុខទំនិញគ្រឿងភេសជ្ជៈរបស់អាជីវករ ដើម្បីស្វែងរកសារធាតុគីមី និងធ្វើការពន្យល់ដល់ក្រុមអាជីករនេះ ក្រោមការដឹកនាំដោយលោក
ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ រួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរ និងសមត្ថកិច្ច។
ការចុះត្រួតពិនិត្យ ទៅលើគ្រឿងភេសជ្ជៈ និងនំចំណី ដែលអាជីវករ ដែលដាក់តាំងលក់លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលចែកចេញជាពីទិដ្ឋភាពរួមមាន៖
ទិដ្ឋភាពទី១៖ គឺការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត បានន័យថា យើងត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេតកំប៉ុង កំពិតប៉ោងរលួយ។ល។
ទិដ្ឋភាពទី២៖ គឺត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគជាបឋមទៅផលិតផលទំនិញ ដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគ បន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ជាលទ្ធផលសាខាកាំកុងត្រូល បានចុះត្រួតទំនិញរបស់មន្ត្រីជំនាញ នៅតាមលំដ្ឋានដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាននោះ សាខាកាំកុងត្រូល បានរកឃើញនូវផលិតផលគ្រឿងភេសជ្ជៈ ហួស ថ្ងៃ ខែ ឆ្នាំ ផលិតមួយចំនួន ត្រូវបានដកហូតយកមករក្សាទុក នៅសាខាដើម្បីធ្វើការកម្ទេចចោល។
លោកបានបន្តថា អាស្រ័យដោយយើងបានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវ ខ្ពស់នឹងមានការយល់ដឹង ពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ។
លោក ហ៊ុយ ភារម្យ បានអំពាវនាវ ឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមភាពខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបក វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករថ្ងៃនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើពន្យល់ពីលក្ខណៈពិសេសមុន និងប្អូនទិញយកទៅបរិភោគ៕