(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានព្រមានដកដល់មន្ដ្រីកសិកម្មគ្រប់លំដាក់ថ្នាក់ទាំងអស់ ដែលអសកម្មការងារ ដោយមិនបានបំពេញភារកិច្ចការងារ តាមតួនាទីរបស់ខ្លួន និងបានអះអាងថា ការដកតំណែងនេះ គឺដកមិនឲ្យដឹងខ្លួននោះទេ ដោយធ្វើការដកយ៉ាងស្ងាត់បំផុត។
ការព្រមានខ្លាំងៗបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន ដឹកនាំពិភាក្សា ក្នុងពិធីវេទិកាស្ដីពី «កសិកម្ម រុក្ខប្រមាញ់ និងនេសាទ» ដែលមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។
លោក វេង សាខុន បានថ្លែងយ៉ាងដូច្នោះថា «មន្ដ្រីកសិកម្ម គ្រប់លំដាក់ថ្នាក់ទាំងអស់...ខ្ញុំកំពុងតែតាមដានមើល តើគោលនយោបាយ ដែលដាក់ចេញកំណែទម្រង់ថ្មីៗនេះ តើថ្នាក់ដឹកនាំ មួយណាកំពុងតែបំពេញបានល្អ ថ្នាក់ដឹកនាំណាដែលមិនបានបំពេញភារកិច្ចការងារនេះ...អត់មានធ្វើដដែលៗនោះទេ ចំពោះការរឿងឡើងឋានៈអីហ្នឹង គឺខ្ញុំដាច់ខាតបន្ដិចហើយ...ត្រូវអារកាត់ភ្លាមៗតែម្ដង បើថាធ្វើមិនធ្វើ គឺដកភ្លាមតែម្ដង មិនទុកទេ ព្រោះពេលវេលា ទៅមុខលឿនណាស់ ហើយកុំថាខ្ញុំកាច ចំពោះរឿងនេះ»។
រដ្ឋមន្ដ្រីក្រសួងកសិកម្មរូបនេះ បានបន្ថែមទៀតថា លោកសូមលើកទឹកចិត្ត ចំពោះមន្ត្រីកសិកម្មដែលបានអនុវត្តន៍ នូវកំណែទម្រង់ដែលដាក់ចេញ ដោយក្រសួងកសិកម្ម ប៉ុន្តែមិនសប្បាយចិត្តឡើយនូវមន្ត្រីណាដែលអសកម្ម ហើយមន្ត្រីអសកម្មទាំងនោះ បើមិនកែប្រែទេ នឹងត្រូវដកចេញពីតំណែង ដោយមិនឲ្យដឹងខ្លួនឡើយ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ត្រូវតែរត់ឲ្យទាន់តាមសភាពការណ៍នេះ ជៀងវាងនូវបញ្ហាជេរប្រជាជន ហើយត្រូវតែជំរះបញ្ជីគ្នា ដូចថ្ងៃនេះចឹង ឲ្យគាត់យល់ដឹងបានច្បាស់អំពី ឆន្ទៈរបស់ក្រសួងកសិកម្មត្រូវធ្វើអី។
លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានឲ្យដឹងផងដែរថា មានតែមន្ដ្រីក្រសួងកសិកម្មតែមួយគត់ ដែលបានបញ្ជូនទៅធ្វើការផ្លាស់ប្ដូរ ការរៀនសូត្រ ការចូលរួមសិក្ខាសាលាច្រើនជាងគេ ដោយក្នុងមួយឆ្នាំៗ ចំណាយថវិកាច្រើនណាស់ ប៉ុន្ដែមន្ដ្រីត្រូវសិក្សានៅជុំវិញខ្លួនថា មន្ដ្រីពាក់ព័ន្ធនៅប្រទេសគេហ្នឹង តើធ្វើអ្វីបានខ្លះ គេមានកំណែទម្រង់បែបណា ដើម្បីមកធ្វើការ អភិវឌ្ឍវិស័យកសិកម្ម របស់ប្រទេសកម្ពុជា៕