(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មទៅនឹងអ្នកវិភាគមួយចំនួន ដែលវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនទាន់ដោះស្រាយ អស់នូវបញ្ហាដែលសេសសល់ តាមការសន្យា។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានរិះគន់ត្រឡប់ទៅកាន់អ្នកវិភាគទាំងនោះថា មានចំណេះដឹងតិចតួចដោយវិភាគបែបកន្ទុយអណ្តើក ដែលមានចរិតមិនមែនជា សេដ្ឋកិច្ចវិទូ ឬទស្សនវិទូ។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន)
ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «មិនមែនជាសារស្តីបន្ទោសក្នុងឆ្នាំថ្មីទេ ប៉ុន្តែមុនឆ្នាំឆ្លងផុតស្រាប់តែ ឃើញអត្ថបទសារព័ត៌មានថា លោក ហ៊ុន សែន បានដោះស្រាយបញ្ហា ជាវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែភ្លេចគិតដល់បញ្ហាសេសសល់។ គេបាននិយាយហើយនិយាយទៀត ខ្ញុំសូមប្រាប់ថា ចំណុចសេសសល់ប្រទេសណាក៏មាន កុំថា ឡើយដល់ប្រទេស បុគ្គលម្នាក់ៗក៏នៅតែមាន ថ្ងៃនេះយើងរស់ តើថ្ងៃស្អែកមានអ្វីកើតឡើង វាសុទ្ធតែជាបញ្ហាប្រឈមសម្រាប់យើង»។
សម្តេចតេជោបានបន្តថា «វាមិនមែនជាបញ្ហាដាច់ដោយឡែក លើពួកអ្នកវិភាគទេ ក៏ប៉ុន្តែវិភាគបែបកន្ទុយអណ្តើក វិភាគបែបល្ងង់ខ្លៅ កុំហៅថាទស្សនវិទូ ហៅ “អាល្ងង់ទូ” ទើបវាត្រឹមត្រូវ មិនមែនសេដ្ឋវិទូទេ អញ្ចឹងខ្ញុំមិនចង់ឱ្យអ្នកវិភាគនៅកម្ពុជា ឬអ្នកវិភាគនៅប្រទេសមួយចំនួនក្លាយទៅជា “អាល្ងង់ទូ” ទេ ព្រោះសេដ្ឋវិទូ ឬទស្សនវិទូ គេមានចរិតទូលំទូលាយខ្លាំងណាស់ នៅក្នុងការវិភាគបញ្ហានីមួយៗ»។
កាលពីចុងឆ្នាំ២០១៧ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបជាមួយកម្មករនិយោជិត ១៤,០៩៩នាក់ មកពីរោងចក្រ សហគ្រាសនានា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដែលបានលើកឡើងអំពីសមិទ្ធផលរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ក៏បានលើកយកទស្សនៈរបស់ អ្នកវិភាគ និងអ្នកតាមដានមួយចំនួនដែលប្រតិកម្មថា ទោះបីជាមានសមិទ្ធផលទាំងនេះក៏ដោយ ក៏នៅមានបញ្ហាជាច្រើនដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបាន។ លោក សន ជ័យ ប្រធានអង្គការគណនេយ្យភាពសង្គម នាពេលកន្លងទៅ បានថ្លែងថា បញ្ហាសំខាន់ៗជាច្រើនទៀតនៅតែមានដដែលដូចជា បញ្ហាអំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងជម្លោះដីធ្លីជាដើម។
ជាប្រតិកម្មថ្មីមួយនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ក្រុមអ្នកវិភាគ និងអ្នកវាយតម្លៃទាំងនោះថា ប្រទេសនៅលើពិភពលោក មានបញ្ហាប្រឈមដូចគ្នាមិនមែនមានតែកម្ពុជានោះទេ ហើយបញ្ហាទាំងនោះ ក៏ត្រូវដោះស្រាយជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយ ដែលគ្មានបញ្ហាប្រឈមនោះដែរ សូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចមួយ បញ្ហាប្រឈមនៃប្រទេសនេះក៏នៅតែមាន ដូច្នេះហើយបានជាប្រធានាធិបតីនៃប្រទេសទាំងនេះបានខិតខំខ្លាំងណាស់ ដើម្បីកាត់បន្ថយនូវការចំណាយនានាដែលមិនចាំបាច់ ហើយមកបង្កើនការចំណាយនានាសម្រាប់ក្នុងប្រទេស។ ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានតម្រូវការកែទម្រង់»។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «អស់លោកត្រូវស្តាប់ពីដើមរហូតដល់ចប់ ទើបអស់លោកបានដឹងថា ខ្ញុំចង់និយាយអំពីអ្វី បើខ្ញុំនិយាយ១ម៉ោង អស់លោកស្តាប់ខ្ញុំត្រឹមតែ៣វិនាទី ឬក៏១វិនាទី គឺអស់លោក មិនអាចវាយតម្លៃត្រូវទេ រហូតដល់ថ្ងៃស្លាប់ទៀតអស់លោក នៅតែមិនយល់។ ដោយសារតែអស់លោកស្តាប់មិនយល់ដូច្នេះហើយ បានជាអស់លោក មិនដែលធ្វើអ្វីមានជោគជ័យនោះទេ បើសិនជាអស់លោកមានជោគជ័យ អស់លោកអាចកាន់អំណាចនៅកម្ពុជាជំនួសហ៊ុន សែន បាត់ទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីបទពិសោធន៍នៅក្នុងការដឹកនាំប្រទេសរយៈពេលជាង៣០ឆ្នាំមកនេះ។ សម្តេចថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចមិនត្រឹមតែដោះស្រាយបញ្ហាក្នុងប្រទេសប៉ុណ្ណោះទេ សម្តេចក៏បានចូលរួម ដោះស្រាយបញ្ហានៅក្នុងតំបន់ និងអន្តរជាតិថែមទៀត៕