(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញថា អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ហើយមិនពាក់មួកសុវត្ថិភាព នៅតែខ្ពស់នោះ នៅឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនឹងដាក់ចេញនូវវិធានការក្តៅដោយចាប់បង្ខំ អ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ត្រូវតែ ពាក់មួកសុវត្ថិភាព។ បើគ្មានមួកសុវត្ថិភាពទេ ត្រូវឃាត់ម៉ូតូទុកហើយតម្រូវឲ្យអ្នកជិះម៉ូតូទៅទិញមួក ឬយកមួកសុវត្ថិភាព មកបង្ហាញសមត្ថកិច្ចទើបអនុញ្ញាតឲ្យយកម៉ូតូវិញ។
អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការងារអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរនៅ ក្នុងឆ្នាំ២០១៧កន្លងទៅ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នក ព័ត៌មានក្រោយកិច្ចប្រជុំនោះថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧ កន្លងទៅមានការថយចុះ តែចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរបានកើនឡើងទៅវិញ។
បើតាមលោក គៀត ច័ន្ទថារិទ្ធ នៅឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរកើតឡើង ៣,៥៣១លើក ថយចុះប្រមាណ ១៦៩លើក បើធៀបនឹងឆ្នាំ២០១៦។ គ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៧នេះ បណ្តាលឲ្យអ្នកដំណើរស្លាប់រហូតដល់ ១,៧៨០នាក់ កើន ៦៣នាក់ ខណៈអ្នករបួសមានដល់ ៥,៥៣៩នាក់ ថយចុះប្រមាណ ១,០៦៨នាក់។ កត្តាដែលនាំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍មានដូចជាការបើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ និងមិនប្រកាន់ស្តាំជាដើម។
អ្នកនាំពាក្យអគ្គស្នងការនរគបាលជាតិរូបនេះ បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរនេះ កើតមានលើ អ្នកបើកបរម៉ូតូរហូតដល់ ៧៧ភាគរយ ហើយក្នុងចំណោមអ្នកស្លាប់ដោយសារបើកបរម៉ូតូនេះ មានរហូតដល់ទៅ ៧៨ភាគរយមិនពាក់មួកសុវត្ថិភាព។
នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះអនុគណៈកម្មការទី២ បានកំណត់ទិសដៅ អាទិភាពចំនួនពីរ សម្រាប់ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១៨។
ទិសដៅអាទិភាពទាំងពីរនោះរួមមាន៖ រឹតបន្តឹងទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ និងជំរុញឲ្យពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូ។ ពាក់ព័ន្ធការពាក់មួកសុវត្ថិភាពនេះ បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នឹងមានការចាប់បង្ ខំអ្នកបើកបរទាំងអស់ឲ្យពាក់មួកសុវត្ថិភាពតែម្តង។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបង្ហាញពីវិធានការក្តៅមួយចំនួនទៅលើអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ហើយការអនុវត្តន៍វិធានការក្តៅនេះ នឹងមានពីរទៅបីដំណាក់កាលថែមទៀតផង។
បើតាមលោក គៀត ច័ន្ទថារិទ្ធ វិធានការក្តៅក្នុងដំណាក់កាលទី១ សម្រាប់អ្នកបើកបរមិនពាក់មួកសុវត្ថិភាព នៅពេលសមត្ថកិច្ចចាប់ គឺមិនតម្រូវឲ្យផាកពិន័យនោះទេ តែត្រូវឃាត់ម៉ូតូទុកហើយឲ្យអ្នកបើកបរទៅទិញមួកសុវត្ថិភាព ឬយកមួកសុវត្ថិភាពមកបង្ហាញមន្ត្រី នគរបាលចរាចរណ៍ទើបអនុញ្ញាតឲ្យម៉ូតូវិញ។
ដំណាក់កាលទី២ សម្រាប់អ្នកបើកបរមិនពាក់មួកសុវត្ថិភាព គឺត្រូវចាប់ម៉ូតូទុកបង្ខំឲ្យទិញ ឬ យកមួកសុវត្ថិភាពមកបង្ហាញ សមត្ថកិច្ច ហើយត្រូវរងការពិន័យថែមទៀតផង។ សម្រាប់ដំណាក់កាលទី៣វិញ អាចឃាត់ម៉ូតូទុករយៈពេល២ ទៅ៣ថ្ងៃ ទើបប្រគល់ឲ្យវិញ៕